
ក្រុងបាត់ដំបង៖ ក្រោយមានការចុះផ្សាយករណីចាក់ដីលុបចំណីស្ទឹងសង្កែ ស្ថិតនៅជិតស្ពានច្រាំងចោត ក្នុងភូមិសាស្ត្រឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កការភាន់ច្រឡំដល់សាធារណជន ពេលនេះ លោកប្រធានមន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋានផ្ទាល់ បានចេញមុខច្រានចោលព័ត៌មានខាងលើ និងបានបញ្ជាក់ថា ការផ្សព្វផ្សាយនោះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង និងខ្វះខាតការស្រាវជ្រាវលើទីតាំងភូមិសាស្ត្រ ឱ្យបានច្បាស់លាស់...។

លោក ធូ អន មេភូមិរងនៃភូមិរូង ឃុំចែងមានជ័យ បានថ្លែងប្រាប់ SBM News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ថា ការផ្សាយចោទប្រកាន់មកលើអាជ្ញាធរមូលដ្ឋាន ថាបានបណ្តែតបណ្តោយឱ្យមានការចាក់ដីលុបចំណីស្ទឹងសង្កែ កាលពីពេលថ្មីៗនេះ គឺពុំមែនជាការពិតឡើយ។ ក្នុងនាមលោកជាមន្ត្រីមូលដ្ឋានផ្ទាល់ លោកតែងចុះត្រួតពិនិត្យនូវរាល់សកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ឬក្រុមហ៊ុនឯកជន ដែលបានមកស្នើសុំកសាង ឬធ្វើអ្វីមួយ ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុំឱ្យមានការប្រព្រឹត្តិផ្ទុយពីច្បាប់ ហើយរាយការណ៍ជូនទៅលោកមេឃុំ។ លោក ធូ អន ឱ្យដឹងបន្តថា ក្រុមហ៊ុន ខេមបូឌា អាហ្គ្រោ រ៉ាយស៍ ឯ.ក ទទួលបានការអនុញ្ញាតពីក្រសួងធនធានទឹក និងឧតុនិយម យ៉ាងត្រឹមត្រូវ ដែលបាននិងកំពុងរៀបចំសាងសង់ស្ថានីយបូមទឹក និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ(ប្រព័ន្ធប្រឡាយ និងសំណង់សិប្បការ្យ)បន្ថែមទៀត លើប្រព័ន្ធធារាសាស្ដ្រប៉ៃឡាំមានជ័យនេះ។ ក្រុមហ៊ុនបានចាក់ដីរៀបចំស្ថានីយនៅជិតមាត់ស្ទឹងសង្កែ ដែលមានចម្ងាយប្រមាណពី៦០ម៉ែត្រទៅ១០០ម៉ែត្រឯណោះ គិតចាប់ពីមាត់ស្ទឹងមក ពោលគឺពុំមែនចាក់ដីលើចំណីស្ទឹង ដូចការចុះផ្សាយនោះទេ។

ចំណែក លោក លឹម ឌល មេឃុំចែងមានជ័យ ក៏បានឱ្យដឹងផងដែរថា បន្ទាប់ពីមានការចុះផ្សាយព័ត៌មានមិនពិត លោកបានដឹកនាំមន្ត្រីឃុំ អាជ្ញាធរភូមិ ចុះមកពិនិត្យជាក់ស្តែងនៅទីតាំងក្រុមហ៊ុន គឺមិនមានការចាក់ដីលុបចំណីស្ទឹងសង្កែ ដូចការចុះផ្សាយឡើយ ដ្បិតអី..ដីក្នុងតំបន់ភូមិសាស្ត្រនេះ លោកស្គាល់ច្បាប់ទាំងអស់។ លោកមេឃុំសង្កត់ធ្ងន់ថា ដីដែលក្រុមហ៊ុនចាក់នេះ ស្ថិតនៅចម្ងាយជិត១០០ម៉ែត្រពីមាត់ស្ទឹង ដូចលោកមេភូមិរងប្រាប់មែន ប៉ុន្តែទឹកដែលឡើងមកឃើញនៅជាប់នឹងជើងរងដីដែលចាក់នេះ គឺជាដីខ្ពបជាប់ប្របមាត់ស្ទឹង ដែលកន្លងមកប្រជាពលរដ្ឋក្នុងភូមិរូង អាស្រ័យផលតាមរយៈ ការដាំដំណាំហូបផ្លែផ្សេងៗ។ លុះដល់រាជរដ្ឋាភិបាល ធ្វើសំណង់ស្ទាក់ទឹកនៅកង្ហត ទើបដីខ្ពបទាំងនេះ ត្រូវជន់លិចដោយទឹកស្ទឹង មិនអាចឱ្យប្រជាកសិករដាំដំណាំអ្វីបាន ពុំមែនជាការចាក់ដីលើចំណីស្ទឹងដូចការចុះផ្សាយឡើយ។ លោកមេឃុំ ក៏បានសំណូមពរទៅដល់បងៗ ប្អូនៗអ្នកសារព័ត៌មាន សូមធ្វើការសាកសួរព័ត៌មានពីអាជ្ញាធរមូលដ្ឋានឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាមុនសិន សឹមចាំចេញផ្សាយ កុំឱ្យមហាជនភាន់ច្រឡំដូចពេលនេះទៀត។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានផ្តល់កិច្ចសម្ភាសផ្ទាល់ ដាច់ដោយឡែកមួយជាមួយ SBM News ថា ចំពោះការសាងសង់ស្ថានីយបូមទឹក ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រព័ន្ធធារាសាស្ដ្រប៉ៃឡាំមានជ័យ របស់ក្រុមហ៊ុន ខេមបូឌា អាហ្គ្រោ រ៉ាយស៍ ឯ.ក នេះ គឺទទួលបានការអនុញ្ញាតពីក្រសួងធនធានទឹកយ៉ាងត្រឹមត្រូវ ដែលជាគម្រោងសហការរវាងស្ថាប័នរដ្ឋជាមួយដៃគូឯកជន លើការជួយផ្គត់ផ្គង់ទឹក ដើម្បីស្រោចស្រពស្រែចម្ការរបស់បងប្អូនប្រជាកសិករឱ្យបានប្រើប្រាស់គ្រប់គ្រាន់ទាំងនៅរដូវវស្សា និងរដូវប្រាំង។ កន្លងមក ក្រុមហ៊ុន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះ បានជួបប្រជុំគ្នា ធ្វើកិច្ចព្រមព្រៀងយ៉ាងច្បាស់លាស់ រហូតឈានដល់ការអនុញ្ញាតឱ្យមានការសាងសង់ស្ថានីយនេះពីក្រសួងធនធានទឹក។

ជាមួយគ្នា លោកប្រធានមន្ទីរ ក៏បានសង្កត់ធ្ងន់បន្ថែមថា៖«ទោះបីជាក្រុមហ៊ុនចាក់ដីទៅដល់មាត់ស្ទឹងសង្កែនោះក៏ដោយ ក៏មិនខុសដែរ! ដ្បិតអី..ការសាងសង់ស្ថានីយបូមទឹក ត្រូវដាក់ទុយោដែក និងម៉ាស៊ីនក្បាលបូម នៅជិតប្រភពទឹកជាចាំបាច់ អ៊ីចឹងហើយ..គាត់ចាក់ដីទៅក្បែរមាត់ស្ទឹង ក៏មិនខុសអីទេ កុំថាឡើយ..ចាក់នៅឆ្ងាយពីស្ទឹងដល់ទៅជិត១០០ម៉ែត្រនោះ។ ខ្ញុំ..សូមជម្រាបថា ដីនោះ គឺរដ្ឋផ្តល់ឱ្យក្រុមហ៊ុនសាងសង់ស្ថានីយ ពុំមែនជាដីរបស់ក្រុមហ៊ុនទេ វាជាដីរដ្ឋសុទ្ធសាទ្ធតែម្ដង»។

ដោយឡែក លោក លួន ពីសិដ្ឋ អ្នកមើលការខុសត្រូវរបស់ក្រុមហ៊ុន ខេមបូឌា អាហ្គ្រោ រ៉ាយស៍ ឯ.ក បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុន គឺអនុវត្តទៅតាមសេចក្ដីណែនាំ និងការអនុញ្ញាតរបស់ក្រសួងធនធានទឹក ក៏ដូចជាការណែនាំរបស់អាជ្ញាធរដែនដីផ្ទាល់ ដោយពុំបានធ្វើអ្វីមួយខុសពីលិខិតអនុញ្ញាតឡើយ។ ក្នុងនោះទៀតសោត ក្រុមហ៊ុន ក៏បានធ្វើការយ៉ាងជិតស្និតជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់ ដោយបានធ្វើប្រជាមតិច្រើនលើកច្រើនសា រហូតពួកគាត់យល់ព្រមផ្តិតមេដៃរាប់ពាន់គ្រួសារ គាំទ្រឱ្យមានការស្តារ និងជីកប្រឡាយជើងក្អែបតពីប្រឡាយមេ លើដីស្រែរបស់ពួកគាត់ថែមទៀតផង។ លោក រ៉ង ភិរុណ ពលរដ្ឋរស់នៅភូមិរូង, លោក ឈឿន ឆាំ, លោក ចក់ ចាន់, លោក ឃន ម៉ាប់, លោក យឺន ទ្រី និងលោក កែវ ប្រជាពលរដ្ឋរស់នៅភូមិប៉ៃឡាំ បានឱ្យដឹងស្របគ្នាថា សម្រាប់ពួកលោកជាប្រជាពលរដ្ឋ មានសេចក្ដីត្រេកអរណាស់ ដែលក្រសួងធនធានទឹក ផ្តល់ការអនុញ្ញាត ក្រោមកិច្ចសហការរវាងមន្ទីរធនធានទឹកជាមួយខាងក្រុមហ៊ុន ដើម្បីធ្វើការស្តារប្រឡាយទឹកចាស់ និងជីកប្រឡាយបង្ហូរទឹកថ្មី ពីស្ទឹងមកផ្គត់ផ្គង់ឱ្យប្រជាកសិករបានប្រើប្រាស់ នាពេលនេះ។

ប្រជាកសិករ បានឱ្យដឹងបន្តថា កន្លងមក ពួកគាត់រំពឹងតែភ្លៀងធ្លាក់ពីលើមេឃមួយមុខគត់ និងតែងជួបគ្រោះរ៉ាំងស្ងួតស្ទើរតែរៀងរាល់ឆ្នាំ ធ្វើឱ្យប្រជាកសិករខាតបង់ប្រាក់កាសជាបន្តបន្ទាប់ រហូតត្រូវចំណាកស្រុកទៅធ្វើការនៅបរទេស ខណៈដែលស្រូវទទួលបានសឹងហូបមិនគ្រប់ផង។ ប៉ុន្តែ បើមានប្រឡាយទឹករបស់ក្រុមហ៊ុន នោះជីវភាពប្រជាពលរដ្ឋនឹងលែងរំពឹងលើមេឃទៀត ហើយក៏អាចបង្កបង្កើនផលបានរហូតដល់ទៅ២ដងក្នុងមួយឆ្នាំដែរ។ ហេតុដូច្នេះហើយ បានជាពួកលោកមានក្ដីសង្ឃឹមលើស្ថានីយបូមទឹកនេះ និងសូមថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស លោករដ្ឋមន្ត្រីក្រសួងធនធានទឹកផ្ទាល់តែម្ដង ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការលំបាករបស់ប្រជាពលរដ្ឋនៅឃុំចែងមានជ័យ ដែលកំពុងរងគ្រោះដោយការខ្វះខាតទឹកប្រើប្រាស់មិនគ្រប់គ្រាន់ តាមរយៈការអនុញ្ញាតលើគម្រោងបង្កើតស្ថានីយបូមទឹកស្រោចស្រពស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ដែលប្រជាកសិករនៅក្នុងឃុំនេះ មិននឹកស្រម៉ៃដល់។

រីឯការជីកប្រឡាយជើងក្អែបតភ្ជាប់ពីប្រឡាយមេ ទៅកាន់ដីស្រែឆ្ងាយៗរបស់បងប្អូនប្រជាពលរដ្ឋវិញ គឺប្រជាពលរដ្ឋម្ចាស់ស្រែស្ម័គ្រចិត្តបរិច្ចាគដីរបស់ខ្លួនឱ្យក្រុមហ៊ុនជីកកកាយធ្វើប្រឡាយបង្ហូរទឹក ធ្វើយ៉ាងណាឱ្យតែបានទឹកយកទៅផ្គត់ផ្គង់ដីស្រែរបស់ពួកគាត់ ដែលនេះបង្ហាញពីស្មារតីចូលរួមរបស់បងប្អូនជាមួយក្រុមហ៊ុន និងក្រសួងធនធានទឹក យ៉ាងក្លៀវក្លាបំផុត។ សូមជម្រាបផងដែរថា ដីនៅតំបន់ប៉ៃឡាំមានជ័យ ដែលមានប្រមាណជាង៥ពាន់ហិកតានេះ ពុំមានទឹកស្រោចស្រពស្រូវរដូវវស្សាគ្រប់គ្រាន់ទេ ប្រសិនបើមេឃមិនភ្លៀងទៀងទាត់ទេនោះ កុំថាឡើយដល់ទៅចង់ធ្វើស្រែប្រាំងមួយរដូវទៀត។ ប៉ុន្តែបន្ទាប់ពីប្រព័ន្ធប្រឡាយបង្ហូរទឹករបស់ក្រុមហ៊ុនដំណើរការ ប្រជាកសិករនឹងលែងពឹងផ្អែកលើមេឃតែមួយមុខទៀតហើយ ព្រោះបើយោងតាមការឱ្យដឹងពីលោកប្រធានមន្ទីរធនធានទឹក ក្រោយក្រុមហ៊ុនសាងសង់ស្ថានីយបូមទឹករួចរាល់ ក្នុងដំណាក់កាលដំបូង គឺអាចផ្គត់ផ្គង់ទឹកទៅកាន់ដីស្រែរបស់ប្រជាកសិករនៅតំបន់ប៉ៃឡាំមានជ័យ និងតំបន់ក្បែរនោះ បានរហូតដល់ទៅជិតខ្ទង់ម៉ឺនហិកតាឯណោះ៕






