
រដ្ឋធានីហាណូយ៖ បច្ចុប្បន្ន ប្រទេសសិង្ហបុរី បានក្លាយជាប្រភពវិនិយោគបរទេសដោយផ្ទាល់ និងធំបំផុត (FDI) នៅប្រទេសវៀតណាម សម្រាប់រយៈពេល៧ខែដំបូង នៃឆ្នាំ២០២៦ ជាមួយនឹងការចូលរួមចំណែកវិនិយោគ ប្រមាណ៣៥,៦ភាគរយ ឬស្មើនឹងទំហំទឹកប្រាក់៧,៥ពាន់លានដុល្លារអាម៉េរិក នៅក្នុងចំណោមទុនវិនិយោគសរុបដែលបានចុះបញ្ជី។ នេះបើតាមសារព័ត៌មាន VN Express International បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា...។

ចាប់តាំងពីឆ្នាំ២០២០ រហូតមក ប្រទេសសិង្ហបុរី បានគ្រងតំណែងចំណាត់ថ្នាក់លេខ១ជាប់ៗគ្នា នៅក្នុងចំណោមប្រទេស និងដែនដីដែលបានចូលទៅបោះទុនរកស៊ី និងទុនវិនិយោគនៅវៀតណាម។ ក្រុមវិនិយោគិនសិង្ហបុរី បានបោះទុនរកស៊ីច្រើនជាងគេនៅប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ដែលរួមមាន៖ -ឆ្នាំ២០២០ មានទុនវិនិយោគ ជាង ៨,៩៩៤ពាន់លានដុល្លារ។ -ឆ្នាំ២០២១ មានទុនវិនិយោគ ១០,៧ពាន់លានដុល្លារ។ -ឆ្នាំ២០២២ មានទុនវិនិយោគ៦,៤៥៥ពាន់លានដុល្លារ។ -ឆ្នាំ២០២៣ មានទុនវិនិយោគ ៦,៨ ពាន់លានដុល្លារ។ -ឆ្នាំ២០២៤ មានទុនវិនិយោគ ១០,២ ពាន់លានដុល្លារ។ -ឆ្នាំ២០២៥ មានទុនវិនិយោគជិត៩,៤ ពាន់លានដុល្លារ។ -៤ខែដំបូង នៃឆ្នាំ២០២៦ មានទុនវិនិយោគ៧,៤៧៧ពាន់លានដុល្លារ។

បើគិតជាទូទៅ ប្រទេសសិង្ហបុរី ក្លាយជាអ្នកវិនិយោគបរទេសដ៏ធំបំផុតលំដាប់ទី២ នៅប្រទេសវៀតណាម ដោយគម្រោងមានសុពលភាពជាង៤៥០០គម្រោង និងទុនវិនិយោគ ដែលបានចុះបញ្ជីសរុបចំនួន៩៧ពាន់លានដុល្លារ នៅក្នុងវិស័យផ្សេងៗ រួមមាន៖ វិស័យផលិតកម្ម ភស្តុភារកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់។ ដោយឡែកប្រទេសដែលបានបោះទុនរកស៊ីធំជាងគេបំផុតនៅវៀតណាម គឺកូរ៉េខាងត្បូង។ បើតាមក្រសួងការបរទេសវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេលជាង៥ទសវត្សរ៍ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៣ រហូតមក វៀតណាម និងសិង្ហបុរី បានអភិវឌ្ឍទំនាក់ទំនងនយោបាយ មានទំនុកចិត្តកាន់តែខ្លាំងឡើង ការតម្រឹមផលប្រយោជន៍យ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្វាហាប់។ ទំនុកចិត្តផ្នែកនយោបាយ ត្រូវបានបំប្លែងទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេស តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣ និងការដំឡើងកម្រិត ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៥។

ចំណុចទាំងនេះ ត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម និងជាប្រធានរដ្ឋ លោក តូ លឹម (To Lam) ទៅកាន់ប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ២០២៥ និង២០២៦ និងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉ែនស៍ វង់ (Lawrence Wong) មកកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៥៕


