
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារដល់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលចាប់ផ្តើមប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា ជាអ្នកឡើងអានព្រះរាជសុន្ទរកថារបស់ព្រះបរមរាជា ជូនដល់អង្គសន្និសីទអន្តរជាតិដ៏ធំមួយនេះ។

«ការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយឡើយ តែជាការបង្ហាញនូវប្រាជ្ញា ការទទួលខុសត្រូវ និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ» នេះជាព្រះរាជឱង្ការដ៏សំខាន់មួយឃ្លា ដែលព្រះចៅក្រុងកម្ពុជា ទ្រង់រំលេចឡើងតាមរយៈរាជសារ ទៅកាន់ភ្ញៀវបរទេសដែលកំពុងអង្គុយស្តាប់។ ព្រះមហារាជ ទ្រង់មានព្រះរាជបន្ទូលទៀតថា ការលើកកម្ពស់ភាពត្រឹមត្រូវ និងការអត់ធ្មត់មិនប្រើអំណាចខុសឆ្គង គឺអាចផ្តល់នូវសន្តិវិធីសម្រាប់ដោះស្រាយជម្លោះ [រវាងប្រទេស និងប្រទេស]។

ព្រះមហាក្សត្រកម្ពុជា ទ្រង់សង្កត់ធ្ងន់ថា សាមគ្គីភាពរវាងបណ្តាប្រទេសនានា ត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួម ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ។ ព្រះអង្គ ទ្រង់មានរាជឱង្ការបន្ថែមថា ច្បាប់អន្តរជាតិ ផ្តល់នូវក្របខ័ណ្ឌរួម ដែលប្រទេសតូចធំទាំងអស់ អាចរស់នៅជាមួយគ្នាដោយសេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព។

ក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងនៃប្រជានុរាស្រ្តខ្មែរ ព្រះអង្គទ្រង់ពុំបានបញ្ចេញឈ្មោះប្រទេសថៃឡើយ។ ក៏ប៉ុន្តែ ព្រះរាជបន្ទូលរបស់ទ្រង់ទៅកាន់ភ្ញៀវបរទេសជាច្រើនរូបនាពេលនេះ គឺស្ថិតក្នុងកាលៈទេសៈដែលយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានទឹកដីកម្ពុជាតាមព្រំដែន ដូចជា ស្រាស់បន្លាលួស រាយទូកុងតឺនឺ ជីកលេណដ្ឋាន ធ្វើផ្លូវ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ លើសពីនេះ ប្រជាជនខ្មែរមួយចំនួនធំ នៅមិនទាន់អាចវិលត្រឡប់ទៅភូមិឋានវិញនោះទេ ដោយសារយោធាថៃដណ្តើមយក និងបន្តឈរជើងកាន់កាប់ទាំងខុសច្បាប់។

ក្នុងឆ្នាំ២០២៥ យោធាថៃ បានបើកការឈ្លានពាន២លើកលើកម្ពុជា។ ក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយគ្នា កម្ពុជា តែងបបួលថៃស្ទើរតែរាប់ភ្លេចទៅហើយ ឱ្យចូលរួមចុះវាស់វែង និងបោះបង្គោលតាមព្រំដែនដោយសន្តិវិធី និងទៅតាមច្បាប់អន្តរជាតិ តែថៃ តែងបដិសេធ។ ធ្វើតាមច្បាប់ និងបច្ចេកទេស មិនព្រម តែថៃបែជាជ្រើសរើសប្រើកម្លាំងបាយជំនួសវិញ ដោយបន្តធ្វើសកម្មភាពរំលោភបំពានតាមព្រំដែន ហើយទោះកម្ពុជាប្រកាសតវ៉ាយ៉ាងណា ក៏ថៃនៅតែមិនព្រមឈប់៕



