
រាជធានីភ្នំពេញ៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រកាសបើកជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២៦ នារាជធានីភ្នំពេញ។ សន្និសីទនេះ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨សីហា ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»...។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន ISC-2 បានទទួលជួបស្វាគមន៍ ការចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការអន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន។ ក្នុងពិធីបើក ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានព្រះរាជសារ ខណៈ មេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។

សន្និសីទនេះ មានគោលបំណងបង្កើនការផ្លាស់ប្ដូរទស្សនៈ និងបទពិសោធរវាងសភានៃប្រទេសនានា ពាក់ព័ន្ធនឹងការពង្រឹងការទូតសភា កិច្ចសហប្រតិបត្តិការអន្តរជាតិ ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រែប្រួលយ៉ាងឆាប់រហ័ស។ ការធ្វើជាម្ចាស់ផ្ទះនៃ ISC-2 ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការបន្តចូលរួមរបស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងសភានៃបណ្តាប្រទេសនានា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាពរួម ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

គួរជ្រាបថា សន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) គឺជាវេទិកាអន្តរសភាថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ សន្និសីទសម្ពោធ ISC ត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ ខណៈសន្និសីទ ISCលើកទី១ ត្រូវបានរៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥៕







