
រដ្ឋធានីប៉េកាំង៖ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងរតនាគារសហរដ្ឋអាម៉េរិក ប្រកាសទណ្ឌកម្មចុងក្រោយបង្អស់ ដើម្បីខ្ទប់ដណ្ដើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និងគំរាមកាត់ផ្ដាច់ប្រព័ន្ធហិរញ្ញវត្ថុ ចេញពីប្រទេសណាមួយ ដែលនៅបន្ដធ្វើពាណិជ្ជកម្មជាមួយរដ្ឋធានីតេហ៊ីរ៉ង់ (Tehran) ប៉ុន្ដែសកម្មភាពរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន មិនបានធ្វើឱ្យរដ្ឋធានីប៉េកាំងនៅស្ងៀមនោះដែរ និងបានចេញមុខប្រកាសវាយបកត្រឡប់ទៅវិញ ប្រសិនបើប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។

សារព័ត៌មានរបស់អង់គ្លេស The Telegraph បានចេញផ្សាយ កាលពីថ្ងៃពុធទី២៦សីហា ថា រដ្ឋធានីប៉េកាំង បានព្រមានអំពីការចាត់វិធានការតបត ប្រសិនបើប្រទេសចិនរងផលប៉ះពាល់ ដោយសារការដាក់ទណ្ឌកម្មថ្មី នៃរដ្ឋការរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ការគំរាមតបតរបស់រដ្ឋធានីប៉េកាំង ប្រឆាំងនឹងរដ្ឋធានីវ៉ាស៊ីនតោ កំពុងបង្កើនការព្រួយបារម្ភជាថ្មីបន្ថែមទៀត អំពីសង្គ្រាមពាណិជ្ជកម្មជុំថ្មី រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំង២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) កាលពីថ្ងៃអង្គារ បានព្រមានថា ទំនាក់ទំនងរបស់ចិន ជាមួយអ៊ីរ៉ង់ «មិនគួរត្រូវមានការជ្រៀតជ្រែក ឬធ្វើឱ្យខូចខាតនោះឡើយ»។ ការព្រមានរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសេតវិមាន បានប្រកាសអំពីចេតនារបស់ខ្លួន នៅក្នុងការដាក់គោលដៅលើបណ្តាប្រទេសណា ដែលបដិសេធកាត់ផ្តាច់ទំនាក់ទំនង ជាមួយរដ្ឋធានីតេហ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីប៉េកាំងថា៖«ប្រទេសចិន កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍថ្មី នៃស្ថានការណ៍ពាក់ព័ន្ធ ហើយនឹងចាត់វិធានការដ៏ចាំបាច់គ្រប់យ៉ាង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនយ៉ាងដាច់ខាត»។

រដ្ឋមន្រ្ដីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កត់ បេសសេនត៍ (Scott Bessent) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាស អំពីវិធានការដ៏តឹងរ៉ឹង ជាមួយនឹងការព្រមានថា បណ្តាប្រទេសណាដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ អាចប្រឈមនឹងហានិភ័យ នៃការត្រូវដកចេញពីប្រព័ន្ធហិរញ្ញវត្ថុ ដែលប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។ បច្ចុប្បន្ន ប្រទេសចិន ទិញប្រេងរបស់អ៊ីរ៉ង់ប្រហែល៩០ភាគរយ។ នេះជាប្រភពប្រាក់ចំណូលដ៏សំខាន់បំផុត សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ ខណៈការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកកន្លងមក បានបង្កការលំបាកដល់ក្រុមហ៊ុននានារបស់អ៊ីរ៉ង់ មិនអាចមានលទ្ធភាពចូលទៅកាន់ប្រព័ន្ធទីផ្សារសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។

ការបន្ថែមទណ្ឌកម្មនានាចុងក្រោយបង្អស់របស់សហរដ្ឋអាម៉េរិក ធ្វើឱ្យគេមើលឃើញ ថា នេះជា «វិធានការដ៏តឹងរ៉ឹងបំផុត នៅក្នុងប្រវត្តិសាស្ត្រ» គឺសំដៅទៅលើបុគ្គល ស្ថាប័ន និងកងនាវាដឹកជញ្ជូនចំនួន៦០ រួមទាំងស្ថាប័នជាច្រើន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងប្រទេសចិន។ ប៉ុន្តែការប្រកាសដាក់ទណ្ឌកម្មទាំងនេះ មិនបានដាក់គោលដៅជាក់លាក់ ទៅលើស្ថាប័នហិរញ្ញវត្ថុរបស់ចិនឡើយ។ បើតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានបញ្ជាក់យ៉ាងច្បាស់ជាច្រើនលើកច្រើនសារួចមកហើយ អំពីគោលជំហររបស់ចិន ប្រឆាំងយ៉ាងដាច់អហង្កា ចំពោះការដាក់ទណ្ឌកម្មជាឯកតោភាគី ដោយខុសច្បាប់ គ្មានមូលដ្ឋាន សមស្របតាមច្បាប់អន្តរជាតិ ឬគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ផ្ទុយមកវិញ ការបង្កើតសង្គ្រាមសេដ្ឋកិច្ច និងការដាក់សម្ពាធកម្រិតអតិបរមា មិនមែនជាដំណោះស្រាយនោះឡើយ។ សកម្មភាពបែបនេះ រឹតតែបង្កើនភាពតានតឹង បង្កឱ្យមានហានិភ័យរាលដាល និងរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ពិភពលោក ព្រមទាំងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃទៀត៕




