
ក្រុងពោធិ៍សាត់៖ នៅទីបំផុត តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនស្ត្រីជេរប្រមាថប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ថា [ជាចោរ] ជាបណ្ដោះអាសន្នហើយ បន្ទាប់ពីនាងបង្ហោះវីដេអូនៃការជេរប្រមាថនេះលើបណ្តាញសង្គមទិកតុក។ ទោះយ៉ាងណា ស្ត្រីមាត់អត់គម្របម្នាក់នេះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ក្រោយបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ ផ្ទុះកំហឹង...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បង្ហាញថា កាលពីពេលកន្លងទៅ សាលាដំបូងខេត្តពោធិ៍សាត់ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ភី យ៉ាងរី ពីបទ ញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅលើបណ្ដាញសង្គមទិកតុក បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្ដន្ទាទោសតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ចំពោះ បទល្មើសនេះ គឺជាការប្រព្រឹត្តិដែលបង្កឱ្យមានការស្អប់ខ្ពើម ឬរើសអើង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ៦លានរៀល។

សូមជម្រាបថា ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីជនត្រូវចោទ បាន ប្រើប្រាស់គណនីទិកតុក ធ្វើការថត និងផ្សព្វផ្សាយនូវឃ្លីបវីដេអូដែលមានខ្លឹមសារថា “ចង់និយាយថា វីដេអូនេះអត់មានសម្ដែងទេ បងៗ អ្នកខេត្តពោធិ៍សាត់ បងៗតៃកុងឡានធំដូចគ្នា បងៗដឹងហើយថា ខេត្តស្អាត Perfect គ្មានសំរាម តែមាយាទអន់ ពូជចោរ យាយថា ពូជចោរ ឡានប្ដីខ្ញុំ អស់ប្រេងទៅសម្រាកគ្រាន់តែឡើងទៅ ថាយ៉ាងច្រើន១៥នាទី អត់មានសម្ដែង អត់មានបង្អួចខេត្តរបស់គេទៅ"។ ទោះយ៉ាងណាក៏ដោយ ការបរិយាយរបស់ស្ត្រីរូបនេះ មានគោលបំណងឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទិកតុក និងបណ្ដាញសង្គមដទៃទៀត ចែករំលែកពីម្នាក់ទៅម្នាក់ ជំរុញឱ្យមានការរើសអើង និងគុំគួនលើបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ ដោយចោទប្រជាពលរដ្ឋទាំងនោះថា ជា[ពូជចោរ]៕




