មិនអាចរារាំង​ដ្រូនអ៊ុយក្រែនបាន អ្នកចម្បាំងខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន ចេញក្រឹត្យរឹបអូស​​ទ្រព្យ​​សម្បត្តិក្រុមហ៊ុនណា មិនទប់ទល់ការវាយប្រហារ
S
Sinuon Nop
2 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ លោក​​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើក្រឹត្យមួយ ​អនុញ្ញាតឱ្យរដ្ឋអាចចូលទៅកាន់កាប់ជាបណ្ដោះអាសន្ន នូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រសិនបើម្ចាស់កម្មសិទ្ធិឯកជន បានរងបរាជ័យ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធទាំងនោះ បញ្ចៀសពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន​របស់អ៊ុយក្រែន ឬក៏បរាជ័យក្នុងការជួសជុលឡើងវិញ បន្ទាប់ពីមានការវាយប្រហារ។ នេះបើតាមសារព័ត៌មាន PBS News ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧​​ ខែសីហានេះ...។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន

ការចេញក្រឹត្យរបស់អ្នកចម្បាំងខ្លាឃ្មុំទឹកកក មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ​កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ កើតឡើង ​​ចំពេលមានសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើង និងមានការមិនពេញចិត្តពីសាធារណជន នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារកាន់តែខ្លាំងក្លា ពីដ្រូនអត្តឃាតរបស់កងទ័ពអ៊ុយក្រែន ដោយបានកម្ទេច​រោងចក្រចម្រាញ់ប្រេងជាច្រើន ​​ មជ្ឈមណ្ឌលពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធើរណេតនានា និងគោលដៅសំខាន់ៗ ដែលចូលមកជ្រៅលើទឹកដីប្ឬទេសរុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បង្កឱ្យមានវិបត្ដិប្រេងឥន្ធនៈផ្គត់ផ្គង់ក្នុងស្រុក និងមានការរំខានដល់ខ្សែច្រវាក់សេដ្ឋកិច្ចនៅទូទាំងប្រទេស​។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី

ដោយឡែក ប្រទេសអ៊ុយក្រែន វិញ ក៏កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ពីការវាយប្រហារតាមអាកាសឥតឈប់ឈរពីកងកម្លាំងទាហានរបស់រដ្ឋធានីមូស្គូ ដោយបានបំផ្លិចបំផ្លាញបណ្តាញអគ្គិសនីរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅមុនរដូវរងាចូលមកដល់។ ទន្ទឹមនោះ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ បានរងការខូចខាតយ៉ាងដំណំ ខណៈ​ការឈ្លានពានរបស់កងទ័ពរុស្ស៊ី បានបន្ដអូសបន្លាយពេលជាង​៤ឆ្នាំមកហើយ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (​Dmitry Peskov)​ បានបញ្ជាក់ កាលពីថ្ងៃអង្គារថា៖«ជារឿយៗ..ម្ចាស់អាជីវកម្មជាច្រើន ហាក់មិន​​យកចិត្តទុកដាក់គ្រប់គ្រាន់ លើការអនុវត្តវិធានការនានារបស់អាជ្ញាធរណែនាំ ដើម្បីធានាសុវត្ថិភាព ជាពិសេស គឺសុវត្ថិភាពប្រឆាំងទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន​»

សូមជម្រាបថា ក្រឹត្យថ្មីនេះ ​នឹងចូលជាធរមាន និងត្រូវអនុវត្តភ្លាមៗ ដោយគ្របដណ្ដប់លើទីតាំងនានា នៅក្នុងវិស័យឥន្ធនៈ ​ឧស្សាហកម្ម ទូរគមនាគមន៍ រោងចក្រថាមពល (រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ) សេវាសាធារណៈ ក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងកន្លែងផ្សេងទៀតដែលត្រូវ​ចាត់ទុកថា«​មានសារសំខាន់យ៉ាងពិសេស សម្រាប់សន្តិសុខ ស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន នៃសហព័ន្ធន៍រុស្ស៊ី​»។ ទោះជាយ៉ាងណាក៏ដោយ​ គេនៅមិនទាន់ដឹងច្បាស់​នៅឡើយទេ អំពីបំណងពិតប្រាកដរបស់មេដឹកនាំវិមានក្រឹមឡាំង ចំពោះក្រឹត្យនេះ។ ថ្វីបើ​ក្រឹត្យមួយនេះ គ្របដណ្ដប់លើវិស័យជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ក៏ដូចជាកន្លែងឧស្សាហកម្ម ប្រព័ន្ធទំនាក់ទំនង ការដឹកជញ្ជូន និងផ្នែកភស្តុភារកម្មយ៉ាងណាក៏ដោយ។

​ដោយឡែក ក្រុមអ្នកជំនាញផ្នែកច្បាប់ បានលើកឡើងកាលពីថ្ងៃពុធថា ក្រឹត្យ​នេះ អាចក្លាយជាឧបករណ៍មួយ សម្រាប់​រឹបអូសទ្រព្យសម្បត្តិជាច្រើនរបស់ក្រុមហ៊ុននានា នៅក្នុងប្រទេសរុស្ស៊ី ក្រោម​លេស អំពី​ការបរាជ័យនៃការ[ការពារ]ផ្នែកសន្តិសុខ។ ទន្ទឹមគ្នានេះ ​ក្រុមអ្នកជំនាញច្បាប់ បានហៅវិធានការបែបនេះ ថា«ជាការធ្វើជាតូបនីយកម្មបែបចម្រុះ» ជាមួយនឹងការព្រមានលើក្រឹត្យថ្មីនេះ ដែល​នឹងត្រូវ​ប្រើប្រាស់សម្រាប់​ការដកហូតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឯកជន។ ប៉ុន្ដែ​អ្វីដែលធ្ងន់ធ្ងរ​ជាងនេះ គឺនៅត្រង់ថា ក្រឹត្យថ្មីនេះ ​អនុញ្ញាតឱ្យរដ្ឋមានសិទ្ធិគ្រប់គ្រងជាបណ្តោះអាសន្ន ដោយមិន​ចាំបាច់មានសេចក្តីសម្រេចពីតុលាការ​។ ពោល..គឺគ្រាន់តែផ្អែកតាមការណែនាំរបស់ប្រធានាធិបតីតែម្នាក់ប៉ុណ្ណោះ។​ នេះជាអ្វីដែលក្រុមអ្នកជំនាញច្បាប់ កត់សម្គាល់ឃើញថា ការណែនាំទាំងនោះ អាចធ្វើឡើងត្រឹមតែតាមរយៈពាក្យសម្តី ដោយផ្ទាល់មាត់ក៏បានដែរ​។

ការគ្រប់គ្រងដោយរដ្ឋ អាចត្រូវ​អនុវត្ត ខណៈ​ក្រុមហ៊ុនដែលរងបរាជ័យ នៅក្នុងការអនុម័តវិធានការសន្តិសុខ ប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន គឺមានការរំលោភលើតម្រូវការសន្តិសុខ ឬមានការអនុវត្តវិធានការ ដែលត្រូវ​វាយតម្លៃ ថា គ្មានប្រសិទ្ធភាព។ ករណី​ដ៏សំខាន់មួយទៀត នោះគឺក្រឹត្យរបស់មេដឹកនាំវិមានក្រឹមឡាំង មិនបានកំណត់ច្បាស់លាស់ទេថា តើនរណាជាអ្នកសម្រេចចិត្តលើលក្ខខណ្ឌកំណត់ ដែលត្រូវបានបំពេញ ឬក៏សម្រេចដោយផ្អែកលើលក្ខណៈវិនិច្ឆ័យអ្វីមួយ?...​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត