ចក្រភពព្រីតថេន ប្ដេជ្ញាជួយគាំទ្រសហគមន៍ និងកុមារកម្ពុជា ដែល​រងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានរបស់ថៃ
S
Soriya Sou
16 ម៉ោងមុន

ខេត្តឧត្ដរមានជ័យ៖ ​ រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ចក្រភពព្រីតថេន (ចក្រភពអង់គ្លេស) លោកស្រី បារ៉ូណេស វិនធើថុន (Baroness Winterton) ​កាលពីព្រឹក ថ្ងៃទី២៦ ខែសីហា បាន​ចុះទៅ​ជួបសហគមន៍ ដែលរងផលប៉ះពាល់ពីភាពតានតឹង នៅតាមបណ្តោយព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ​ ដើម្បីឈ្វេងយល់​ដោយផ្ទាល់ អំពីស្ថានភាពរស់នៅ បញ្ហាប្រឈមរបស់គ្រួសារ និងការសិក្សារបស់កុមារ​ ហើយប្តេជ្ញា​គាំទ្រដល់សហគមន៍ ដែលកំពុងរងផលប៉ះពាល់ និងជួយដល់កុមារឱ្យបានបន្ដ​ការសិក្សា​។

ដំណើរទស្សនកិច្ចរបស់លោកស្រី Baroness បានធ្វើឡើង នៅសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នៅក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានឃើញដោយផ្ទាល់នូវកម្មវិធីអប់រំ ដែលខ្លួនបានគាំទ្រ និងបានជួបកុមារ ដែលមានភាពក្លាហាន ​បានឆ្លងកាត់បទពិសោធនលំបាក ប៉ុន្តែពួកគេនៅតែបន្តខិតខំសិក្សារៀនសូត្រ។ ស្របគ្នានេះដែរ លោកស្រី ក៏បានទទួលស្ដាប់ពីគ្រួសាររបស់កុមារ និងថ្នាក់ដឹកនាំសហគមន៍ អំពីអាទិភាព និងតម្រូវការរបស់ពួកគេ​។ ក្នុងដំណើរនេះ លោកស្រី Baroness បានជម្រាបលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ថា៖ «ក្នុងគ្រាលំបាក ការចុះជួប និងស្ដាប់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ គឺមានសារសំខាន់។ ព្រីតថេន ប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ ដែលរងផលប៉ះពាល់ ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និងកិច្ចសន្ទនា ដោយសន្តិវិធី រវាង​កម្ពុជា និងថៃ»។

លោក មាន ចាន់យ៉ាដា បានជម្រាបជូនលោកស្រី Baroness ថា កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថា គ្មានកុមារណាម្នាក់ ត្រូវបាត់បង់ឱកាសរៀនសូត្រ ឬការអភិវឌ្ឍខ្លួននោះឡើយ។ ​ រីឯទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្រ្តី​ នាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យដ៏ទូលំទូលាយ ទៅកាន់ពិភពលោកអំពីសារសំខាន់ មិនអាចកាត់ថ្លៃបាន សម្រាប់​ការពារដល់ការអប់រំក្នុងតំបន់ជម្លោះ និងការផ្ដល់ក្ដីសង្ឃឹមថ្មី ដល់អនាគតកុមារកម្ពុជា នៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខ ប្រកបដោយមោទនភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត