
កីឡាអន្តរជាតិ៖ ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Bruno Fernandes (ព្រូណូ ហ្វឺណាន់ដេស) ត្រូវបានសភាប្រដាល់ និងកីឡាករបាល់ទាត់អាជីព (PFA) ផ្ដល់ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ខណៈកីឡាការិនី Khadija Shaw (ខាឌីចា សាវ) របស់ Manchester City ឈ្នះពានរង្វាន់ផ្នែកនារីជាលើកទី២ នៅក្នុងជីវិតកីឡាការិនីរបស់នាង...។

ការប្រកាសពានរង្វាន់ កាលពីថ្ងៃទី២៦ ខែសីហា បានឆ្លុះបញ្ចាំងពីទម្រង់លេងដ៏លេចធ្លោរៀងៗខ្លួនរបស់កីឡាករទាំងពីរ ទោះបីជាក្លិបរបស់ពួកគេ មានផលវិបាក និងលទ្ធផលខុសគ្នាក្នុងរដូវកាលកន្លងមកយ៉ាងក៏ដោយ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ Fernandes បានបំបែកកំណត់ត្រា បញ្ជូនបាល់ឱ្យដៃគូស៊ុតបញ្ចូលទី (Assists) ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ Premier League ក្នុងរដូវកាល ២០២៥–២០២៦ ដោយបញ្ជូនបានរហូតដល់ ២១លើក ពោលគឺបានរំលងកំណត់ត្រាចាស់របស់ Thierry Henry (ធារី ហេនរី) និង Kevin De Bruyne (ខេវិន ដេ ប្រ័យណេ) ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ ក៏រកបាន៩គ្រាប់ផងដែរ ដោយបានជួយ Manchester United ស្រោចស្រង់ទម្រង់លេងពីការចាប់ផ្តើមមិនសូវល្អ រហូតបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងតារាងក្រោមការដឹកនាំរបស់លោក Michael Carrick និងដណ្តើមបានកៅអីត្រឡប់ទៅលេង Champions League វិញ។

ដោយឡែក កីឡាការិនី Khadija Shaw ទទួលបានពានរង្វាន់នេះ ក្រោយពីរូបនាងរកបាន ២១គ្រាប់ ឈ្នះពានរង្វាន់ស្បែកជើងមាស (Golden Boot) បីរដូវកាលជាប់ៗគ្នា និងជួយឱ្យ Man City លើកពានរង្វាន់ Women’s Super League ជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍។ ជាមួយគ្នានេះ Man City ក៏ទទួលបានជោគជ័យបន្ថែមទៀត ដោយកីឡាករ Nico O’Reilly (នីកូ អូរ៉េលី) ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងល្អបំផុត ប្រចាំឆ្នាំ PFA (Men’s Young Player of the Year)។ ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ រកបាន ២គ្រាប់ ក្នុងប្រកួតផ្តាច់ព្រ័ត្រ League Cup ជួយ City យកឈ្នះ Arsenal ហើយក៏ជាផ្នែកមួយ នៃក្រុមដែលបានលើកពាន FA Cup កាលពីរដូវកាលមុន។

គួរបញ្ជាក់ថា O’Reilly បានជាប់ឈ្មោះក្នុងក្រុមឆ្នើមប្រចាំឆ្នាំ រួមជាមួយមិត្តរួមក្រុម Man City ដូចជា Erling Haaland (អឺលីង ហាឡែន), Rayan Cherki (រ៉ាយ៉ាន ឆឺគី) និង Antoine Semenyo (អង់ថ្វ័ន ស៊ីម៉េញ៉ូ)។ ចំណែកឯក្រុមជើងឯក Arsenal មានសមាជិក ៥រូបជាប់ឈ្មោះ រួមមាន David Raya (ដាវីដ រ៉ាយ៉ា), Gabriel (ហ្កាព្រីល), William Saliba (វីលៀម សាលីបា), Jurrien Timber (ជូរៀន ធីមបឺ) និង Declan Rice (ដេខ្លែន រ៉ាយ) ខណៈ Bruno Fernandes (ព្រូណូ ហ្វឺណាន់ដេស) និង Igor Thiago (អ៊ីហ្ក័រ ធ្យ៉ាហ្គូ) របស់ Brentford (ប្រេនហ្វ័ត) ជាអ្នកបំពេញបន្ថែម ក្នុងបញ្ជី១១នាក់ចុងក្រោយ៕






