លីគកំពូលអង់គ្លេស គ្រោងបង្កើតក្រុម All Star ដើម្បីប្រកួតប្រជែងជាមួយក្រុម All Star នៃលីគកំពូល La Liga, Bundesliga​ និង Serie A
Serichopon Ye
30 កញ្ញា 2022 08:00 PM

(បាល់ទាត់អន្តរជាតិ)៖ លីគកំពូលបាល់ទាត់អង់គ្លេស (English Premier League) គ្រោងនឹងបង្កើតក្រុម All Star មួយនៃលីគកំពូលរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុម All Star នៃបណ្តាលីគកំពូល៣ផ្សេងទៀតក្នុងតំបន់អឺរ៉ុប រួមមាន៖ La Liga, Bundesliga​ និង Serie A ជាដើម ខណៈដែលក្របខណ្ឌលីគកំពូលរបស់បារាំង Ligue 1 មិនត្រូវបានគេរាប់បញ្ចូលនោះទ្បើយ....។

ជុំវិញការបង្កើតក្រុម All Star នៃលីគកំពូលអង់គ្លេសនេះ ដំបូងទ្បើយ គឺជាគំនិតផ្ដួចផ្ដើមចេញពីម្ចាស់ក្លឹប Chelsea លោក Todd Boehly ចង់ឱ្យមានការប្រកួតរវាងក្រុម All Star នៃបណ្តាលីគកំពូលប្រទេសទាំង៤ ដូចជាក្រុម All Star នៃលីគកំពូលអេស្ប៉ាញ លីគកំពូលអ៊ីតាលី លីគកំពូលអង់គ្លេស និងក្រុមAll Star នៃលីគកំពូលអាល្លឺម៉ង់។ ជាមួយគ្នានោះ ផែនការរបស់លោក Todd Boehly ត្រូវបានបើកកិច្ចពិភាក្សាជាមួយ នាយកប្រតិបត្តិនៃបណ្តាក្លឹបនានា ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសកាលពេលថ្មីៗ។ នេះបើយោងតាមកាសែត The Times ។

លោក Todd Boehly 
លោក Todd Boehly 

ដោយទ្បែក ចំពោះការប្រកួតនៃក្រុម All Star ទាំងនោះ ក៏អាចនឹងជួយរកប្រាក់ចំណូលបន្ថែមទៀតពីការរៀបចំការប្រកួត ពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ឬកន្លែងផ្សេងទៀតជុំវិញពិភពលោក ក្នុងអំឡុងរដូវក្ដៅ និងរដូវរងា ក៏ដូចជាការទទួលបានប្រាក់ចំណូលបន្ថែមពីការចាក់ផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍ល្បីៗផងដែរ។ គំនិតផ្ដួចផ្ដើមនេះ គឺជាវិធិសាស្ត្រថ្មីមួយ ដើម្បីស្វែងរកទស្សនិកជនបន្ថែម និងដើម្បីស្វែករកប្រភពចំណូលពីវិស័យបាល់ទាត់ ដែលមនុស្សជំវិញផែនដីកំពុងពេញនិយម ខណៈដែលលីគកីឡាធំៗជាច្រើននៅសហរដ្ឋអាម៉េរិក រួមមាន៖ NBA, MLB និង MLS បានទាញយកអត្ថប្រយោជន៍យ៉ាងច្រើនពីការប្រកួតនៃក្រុម All-Star នេះផងដែរ។

គួរជម្រាបថា ម្ចាស់ក្លឹបបាល់ទាត់តោខៀវ Chelsea លោក Todd Boehly ដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុម Los Angeles Dodgers និង LA Lakers នៃលីគកំពូលបាល់បោះ NBA របស់សហរដ្ឋអាម៉េរិក បានលើកទ្បើងថា «ខ្ញុំសង្ឃឹមថា Premier League គួរសិក្សាពីកីឡាមួយចំនួននៅសហរដ្ឋអាម៉េរិក។ នៅក្នុងការប្រកួត MLB All-star ឆ្នាំនេះ យើងអាចរកបានប្រាក់ចំណូល២០០លានដុល្លារ»។

សូមបញ្ជាក់ថា ក្របខណ្ឌលីគកំពូលបារាំង Ligue 1 មិនត្រូវបានរាប់បញ្ចូលទៅក្នុងកម្មវិធីបង្កើតក្រុមបាល់ទាត់ All Star ក្នុងលីគកំពូលរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងជាមួយបណ្តាលីគកំពូលនៃប្រទេសធំទាំង៤ នោះបានទេ នេះក៏ដោយសារ តែលីគកំពូលបារាំង Ligue 1 មិនជាប់ជាលីគធំក្នុងតំបន់អឺរ៉ុប ដូចណ្តាលីគនៃប្រទេសទាំង៤ នោះឡើយ...៕

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត