Arsenal ចាញ់ Brighton ធ្វើឱ្យក្រុមមេឃខៀវ Man City មានឱកាសលើកពាន EPL រដូវកាលនេះ
Serichopon Ye
15 ឧសភា 2023 02:15 PM

(បាល់ទាត់)៖ អ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal បានសម្តែងការខកចិត្តម្ដងទៀតហើយ បន្ទាប់ពីក្រុមរបស់ពួកគេចាញ់ក្រុម Brighton នៅឯកីទ្បដ្ឋាន Emirates Stadium ដល់ទៅ ០-៣។ ដោយទ្បែកក្រុម Manchester City បានយកឈ្នះលើក្រុម Everton នៅឯកីទ្បដ្ឋាន Goodison Park ដោយបញ្ចប់លទ្ធផល​ ០-៣ ផងដែរ កាលពីយប់មិញ...។

លទ្ធផលបែបនេះ ធ្វើឱ្យក្រុមដែលដឹកនាំដោយលោក មីគែល អាតេតា Mikel Arteta បាត់បង់ឱកាសក្នុងការប្រជែងពានរង្វាន់ English Premier League ជាមួយនឹងក្រុមមេឃខៀវ Manchester City ដែលដឹកនាំដោយលោក ប៉េប ហ្កាឌីយ៉ូឡា Pep Guardiola (Man City) ដែលបាននាំមុខក្រុម Arsenal ដែលជាក្រុមលេខ២ ដល់ទៅ៤ពិន្ទឯណោះ ដោយមាន៨៥ពិន្ទុ និងនៅសល់៣ប្រកួតទៀត។ ខណៈក្រុម Arsenal នៅសល់២ប្រកួតទៀតក្នុងដៃ។ ដូច្នេះ ក្រុម Manchester City ត្រូវការឈ្នះតែមួយប្រកួតទៀត គឺនឹងគ្រងតំណែងជើងឯក EPL នារដូវកាលនេះហើយ។ ក្រុមកាំភ្លើងធំ Arsenal បានខកខានឈ្នះពានរង្វាន់ EPL នេះ អស់រយៈពេល២០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីរដូវកាល២០០៣-០៤ មកម្ល៉េះ ខណៈដែលក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ធ្លាប់ឈ្នះពានរង្វាន់ខាងលើរហូតដល់ទៅ១៣សម័យកាលផងដែរ។ 

លោក Mikel Arteta (Arsenal)
លោក Mikel Arteta (Arsenal)

ចំណែកក្រុម Manchester City បានឈ្នះពានរង្វាន់ខាងលើនេះចំនួន៨សម័យកាល ពោលគឺលើកដំបូងនៅឆ្នាំ១៩៣៦-៣៧មកម្ល៉េះ ខណៈក្លឹបយក្សអង់គ្លេសមួយនេះ នៅសល់ពានរង្វាន់សំខាន់ៗក្នុងដៃ ៣ទៀតរួមមាន៖ UEFA Champions League, English Premier League និង​ FA Cup ដែលត្រូវជួបគ្នាជាមួយក្រុម Manchester United នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ចំណែក ការប្រកួតលីគបន្តរបស់ក្រុម Manchester City ៣ប្រកួតទៀត ត្រូវជួបគ្នាជាមួយក្រុម Chelsea, Brighton និង Brentford ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត