Joao Felix រងពិន័យកាតក្រហម ខណៈក្រុមតោខៀវបន្តការបរាជ័យ ក្រោយ Fulham យកឈ្នះ ២-១ កាលពីយប់មិញ
Serichopon Ye
13 មករា 2023 10:00 AM

(បាល់ទាត់)៖ ក្រុមបាល់ទាត់ Fulham ទទួលបាន៣ពិន្ទុបន្ថែមទៀត ក្រោយពីបំបាក់ក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២-១ នៅឯកីទ្បដ្ឋាន Craven Cottage ខណៈខ្សែប្រយុទ្ធចំណូចថ្មី កីឡាករ Joao Felix ទទួលបានកាតក្រហម នាការប្រកួតលើកថ្ងៃបើកឆាករបស់គេ បន្ទាប់ពីរត់ទៅស្លាយបើកបាត លើកីឡាករ Kenny Tete...។

ក្រុម Fulham បានបើកការនាំមុខ១គ្រាប់មុន នៅនាទី២៥ ដោយកីទ្បាករ Willian ដែលជាអតីតខ្សែបម្រើប្រយុទ្ធ ក្រុមតោខៀវ Chelsea ប៉ុន្តែកូនក្រុមលោក Graham Potter តាមបានស្មើ ១-១ វិញ នៅនាទី៤៧ នៃម៉ោងបន្ថែមក្នុងតង់ទី១ ដែលជាការស៊ុតបញ្ចូលទីដ៏ល្អរបស់ខ្សែការពារ Kalidou Koulibaly។ យ៉ាងណា កីទ្បាករ Alves Morais បានទែតបញ្ចូលទីគ្រាប់បាល់ទី២ឱ្យក្រុម Fulham ដែលជាការបញ្ចូនបាល់យ៉ាងល្អពីកីទ្បាករ Andreas Pereira នៅនាទី៧៣ ចូលប្រអប់គ្រោះថ្នាក់ពីស្លាបខាងស្តាំ ខណៈលទ្ធផលនេះបានបន្តរហូតដល់បញ្ចប់ការប្រកួត។លទ្ធផល២គ្រាប់នេះ បានធ្វើឱ្យក្រុម Fulham ទ្បើងមកកាន់លេខរៀងទី៦ ដែលមាន៣១ពិន្ទុ ខណៈក្រុមតោខៀវ Chelsea ស្ថិតនៅលេខរៀងទី១០ ដែលមាន២៥ពិន្ទុ នៃតារាងក្របខណ្ឌ English Premier League នារដូវកាល នេះ..។

ចំណែកខ្សែប្រយុទ្ធចំណូចថ្មីរបស់ក្រុមតោខៀវ Chelsea កីទ្បាករ Joao Felix បានទទួលកាតក្រហមនៅនាទី៥៨ នៃតង់ទី២ ក្រោយរត់ទៅស្លាយបើកបាតលើកីទ្បាករ Kenny Tete នាអំទ្បុងពេលប្រកួត។ កីទ្បាករ Joao Felix ទើបនឹងផ្លាស់មកចូលរួមជាមួយក្លឹបតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Atletico Madrid ដែលមានតម្លៃខ្លួនប្រមាណជាង១១លានអឺរ៉ូ។ គួរបញ្ជាក់ថា ក្លឹបតោខៀវ Chelsea នឹងបន្តជួបជាមួយក្លឹប Crystal Palace នៅឯកីទ្បដ្ឋាន Stamford Bridge នាការប្រកួតលីគ សប្តាហ៍ទី១៩ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត