ពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលជំងឺកុមារជាង១០ម៉ឺននាក់
S
Soriya Sou
06 សីហា 2025 10:00 AM

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលពេញ១ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារប្រមាណជាង១០ម៉ឺននាក់។ នេះបើតាមរបាយការណ៍ផ្សាយដោយមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៦សីហានេះ…។

ក្នុងចំណោមកុមារឈឺទាំងជាង១០ម៉ឺននាក់ មាន៩២១៤៨នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ, កុមារ២២៩១៧នាក់ មានជំងឺធ្ងន់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារ៣៩១៨នាក់ មានជំងឺគ្រុនឈាម ខណៈកុមារជាង៣ពាក់នាក់បានទទួលបានការវះកាត់។ ក្រៅពីកុមារ គ្រូពេទ្យជំនាញនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន៨៩៣៣នាក់ ព្រមទាំងបានជួយសម្រាលកូនដល់ស្ត្រីចំនួន១៦០២នាក់ផងដែរ។ បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា រាល់ការព្យាបាលជូនកុមារ និងស្ត្រីមានផ្ទៃពោះត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

រូបភាព/មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
រូបភាព/មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

ការព្យាបាលដោយឥតគិតថ្លៃ ធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយថវិកាប្រចាំខែរាប់លានដុល្លារអាម៉េរិក។ ការចំណាយដ៏ច្រើនលើសលប់នេះហើយ ទើបមន្ទីរពេទ្យតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិកា ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យនេះក្នុងការជួយសង្រ្គោះជីវិតកុមារកម្ពុជាជាបន្តទៀត។ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាបានដណ្ដើមជីវិតកុមារកម្ពុជាជាច្រើន ពីមច្ចុរាជ និងបានរួមចំណែកជួយឱ្យកុមារទាំងនោះក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ លោកជំទាវបណ្ឌិតបានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ជាការធ្វើទានដ៏ត្រឹមត្រូវជួយឱ្យកុមារកម្ពុជាទទួលបានឱកាស មានអនាគតល្អ៕

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត