ឆ្នាំ២០២៥ កុមារឈឺជាង១លាននាក់ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា កើនឡើង១៤ភាគរយ
S
Soriya Sou
2 ខែមុន


រាជធានីភ្នំពេញ៖ រយៈពេលពេញ១ឆ្នាំ២០២៥ កុមារចំនួនជាង១លាន៧ម៉ឺននាក់ បានទៅពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ចំនួននេះ បានកើនឡើង១៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា…។

រូបភាព៖ មន្ទីរពេទ្យគន្ទបុប្ផា
រូបភាព៖ មន្ទីរពេទ្យគន្ទបុប្ផា

របាយការណ៍ដដែលបានឱ្យដឹងថា កុមារឈឺធ្ងន់ចំនួនជាង២៣ម៉ឺន៣ពាន់នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ កើនឡើងជា២៥ភាគរយ ខណៈកុមារកើតជំងឺគ្រុនឈាម បានទៅសម្រាកព្យាបាលមានចំនួន២២៩៨២នាក់។ ក្រៅពីកុមារ មន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងសៀមរាប បានផ្ដល់សេវាតាមដាន ពិនិត្យឥតគិតថ្លៃដល់ស្រីមានផ្ទៃពោះចំនួនជាង១០ម៉ឺន៨ពាន់ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្ត្រីជាង២ម៉ឺន៥ពាន់នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន៣ម៉ឺន៤ពាន់នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន១១៦៣នាក់។ បេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង ក្នុងឆ្នាំ២០២៥ ធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាជាង៤៦លានដុល្លារអាម៉េរិក។ នេះជាការចំណាយដ៏ច្រើនលើសលប់ ដែលត្រូវការ[ការចូលរួម]ជួយបរិច្ចាគឱ្យបានច្រើនផុសផុល ពីសំណាក់សប្បុរសជន។

រូបភាព៖ មន្ទីរពេទ្យគន្ធបុប្ផា
រូបភាព៖ មន្ទីរពេទ្យគន្ធបុប្ផា

ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាល និងដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនលាននាក់ពីមាត់មច្ចុរាជ ធ្វើឱ្យពួកគេមានឱកាសក្លាយជាគ្រូពេទ្យ ជួយព្យាបាលអ្នកជំងឺដទៃទៀត ចំណែកអ្នកខ្លះទៀត បានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ ដូច្នេះហើយបានជា លោកជំទាវបណ្ឌិត តែងអំពាវនាវសប្បុរសជនឱ្យជួយបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លា សង្គ្រោះជីវិតកុមារកម្ពុជាបន្តទៀត។ ស្ត្រីទី១នៃកម្ពុជា តែងចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ជាការធ្វើទានដ៏ត្រឹមត្រូវជួយឱ្យកុមារកម្ពុជា ទទួលបានឱកាស និងមានអនាគតល្អ៕

ស្រ្តីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកុមារសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសចម្រើនជន្មាយុ កាលពីថ្ងៃទី២២មករា ឆ្នាំ២០២៦។
ស្រ្តីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកុមារសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសចម្រើនជន្មាយុ កាលពីថ្ងៃទី២២មករា ឆ្នាំ២០២៦។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត