
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាសម្របសម្រួលឱ្យកុមារដែលទើបវិលត្រឡប់មកពីប្រទេសថៃជាមួយឪពុកម្ដាយ បានចូលរៀនឱ្យបានគ្រប់គ្នាដោយមិនចាំបាច់ទាមទារឯកសារតម្រូវផ្សេងៗនោះទេ…។

តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣១តុលានេះ សម្ដេចធិបតី បានណែនាំវិធានការមួយចំនួនឱ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធរួមគ្នាអនុវត្ត ដើម្បីដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មីនេះទទួលបានលទ្ធផលកាន់តែប្រសើរ ក្នុងនោះ ក៏មានការយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារដែលទើបត្រឡប់មកពីប្រទេសថៃផងដែរ។ «ក្រសួងអប់រំត្រូវសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងជំរុញកុមារទាំងនោះឱ្យទៅចុះឈ្មោះចូលរៀន ឬចូលរៀនបន្តនៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត។ ជាពិសេស ត្រូវប្រមូលព័ត៌មានកុមារ និងសិស្សានុសិស្សដែលមានតម្រូវការពិសេស ដោយត្រូវផ្តល់ការសម្របសម្រួល ការគាំទ្រ និង ការរៀបចំនីតិវិធីងាយៗសម្រាប់ការចុះឈ្មោះកុមារនិងសិស្សានុសិស្សទាំងនោះ ដោយមិនចាំបាច់ទាមទារនូវឯកសារតម្រូវ ដូចជា សំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬសំបុត្រពេទ្យជាដើម»។

ដោយឡែក ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដើម្បីចុះពិនិត្យទីតាំងសាលារៀន ហើយវាយតម្លៃផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ។ បើតាមសម្ដេចធិបតី សាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ គឺត្រូវបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុនសិន មុននឹងគិតគូររៀបចំផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ។ ត្រូវបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងបង្រៀន។

ចំពោះសាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀននិងបង្រៀនបាននៅក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និង គណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និង ដំណើរការរៀននិងបង្រៀនជាបណ្តោះអាសន្ន។ ដោយឡែក តំបន់និងសាលារៀនដែលមិនអាចដំណើរការរៀននិងបង្រៀនបាន មន្ទីរអប់រំត្រូវសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជា៖ ជំរំវត្តពោធិ៍៥០០០ដើម និង ជំរំវត្តទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង។ សូមជម្រាបថា បន្ទាប់ពីសង្គ្រាមថៃឈ្លានពានកម្ពុជារយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៤-២៨កក្កដា ឆ្នាំ២០២៥ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញជាង៩០ម៉ឺននាក់ ដោយក្នុងនោះមានកុមារនៅជាមួយឪពុកម្ដាយ និងត្រូវចូលសិក្សាតាមសាលារៀនឡើងវិញប្រមាណ៥ម៉ឺននាក់៕





