
ក្រុងកំពង់ចាម៖ ការយកចិត្តទុកដាក់លើអាហាររូបត្ថម្ភសម្រាប់កុមារពិតជាមានសារសំខាន់ណាស់ ជាពិសេសក្នុងរយៈពេល១០០០ថ្ងៃដំបូង រាប់ពីថ្ងៃចាប់កំណើត ដើម្បីជំរុញការលូតលាស់នៃខួរក្បាល បញ្ញាស្មារតី ត្រៀមលក្ខណៈចូលរៀនថ្នាក់មតេ្តយ្យ។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា…។

ថ្លែងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ដែលប្រារព្ធនៅក្នុងបរិវេណអនុវិទ្យាល័យ និងសាលាបឋមសិក្សារាយប៉ាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១១វិច្ឆិកា លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ១០០០ថ្ងៃដំបូងរបស់ទារក ពិតជាមានសារសំខាន់ខ្លាំង ដែលចាំបាច់ត្រូវឱ្យពួកគេទទួលបាននូវអាហាររូបត្ថម្ភគ្រប់គ្រាន់ ដើម្បីជំរុញការលូតលាស់នៃខួរក្បាលបញ្ញាស្មារតី និងរាងកាយពេញលេញ ត្រៀមលក្ខណៈល្អប្រសើរសម្រាប់ការចូលរៀនមត្តេយ្យសិក្សា។ ការយកចិត្តទុកដាក់លើអាហាររូបត្ថម្ភ វានឹងជួយកុមារឱ្យទទួលបានបំណិនសង្គម ឥរិយាបថត្រឹមត្រូវ ចេះស្រឡាញ់សៀវភៅ សាលារៀន និងការរៀនសូត្រ ថែមទាំងបណ្ដុះមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ឈោងចាប់ការសិក្សានៅកម្រិតកាន់តែខ្ពស់ជាបន្តបន្ទាប់។

ក្នុងន័យនេះ ក្រសួងអប់រំ បានបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការផ្ដល់សេវាអប់រំស្តីពីហារូបត្ថម្ភ។ យ៉ាងណា លោក ហង់ ជួនណារ៉ុន បានអំពាវនាវដល់អង្គភាពពាក់ព័ន្ធទាំងអស់បន្តចូលរួមជាមួយសាលារៀនឱ្យបានផុសផុល ដើម្បីលើកកម្ពស់សុខភាព និងផ្តល់ការអប់រំប្រកបដោយបរិយាកាសល្អដល់សិស្សានុសិស្ស ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ សុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត។

លោកក៏បានលើកទឹកចិត្តដល់អាណាព្យាបាលគ្រប់រូប សូមនាំកូនទៅចុះឈ្មោះចូលរៀន និងតាមដានការសិក្សារបស់កូន។ ដោយឡែក សិស្សានុសិស្សផ្ទាល់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ ព្រោះប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព៕




