
រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចទៅកាន់កោះអ៊ីទូរុប (Iturup) ដែលជប៉ុនហៅថា អេតូរ៉ូហ្វូ(Etorofu) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ យ៉ាងណា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យរាជធានីតូក្យូខឹងសម្បារជាខ្លាំង ខណៈវិវាទដែនដីរវាងរុស្ស៊ី និងជប៉ុន កាន់តែតានតឹង...។

កោះអ៊ីទូរុប ស្ថិតក្នុងចំណោមកោះចំនួន៤ ដែលជប៉ុនចាត់ទុកជា«ដែនដីភាគខាងជើង» របស់ខ្លួន ប៉ុន្តែរុស្ស៊ីចាត់ទុកកោះនេះ ជាផ្នែកមួយនៃប្រជុំកោះគូរីល(Kuril)។ រុស្ស៊ីបានកាន់កាប់កោះទាំងនេះនៅចុងសង្គ្រាមលោកលើកទី២ ខណៈជប៉ុននៅតែបន្តទាមទារអធិបតេយ្យភាពលើកោះទាំង៤នេះ។ សម្រាប់រាជធានីតូក្យូ ការទាមទារកោះទាំងនេះគឺជាបញ្ហាប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពដ៏រសើបបំផុត។ ដូច្នេះ ការដែលមេដឹកនាំរុស្ស៊ីទៅដល់កោះដែលជប៉ុនទាមទារ ត្រូវបានចាត់ទុកថា ជាសកម្មភាពបង្កភាពតានតឹងកាន់តែខ្លាំង។

លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកៃឈី (Sanae Takaichi) បានរិះគន់ដំណើរទស្សនកិច្ចរបស់លោក ពូទីន ថា៖«វាបានប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនជប៉ុន ហើយជារឿងដែលមិនអាចទទួលយកបាន ជាដាច់ខាត!..»។ លោកស្រីក៏បានអំពាវនាវឱ្យរុស្ស៊ី យល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ប៉ុន្តែរដ្ឋធានីម៉ូស្គូមិនខ្វល់។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បានបដិសេធការរិះគន់របស់ជប៉ុន ហើយបញ្ជាក់ថា កោះអ៊ីទូរុប និងកោះគូរីលដទៃទៀត គឺជាផ្នែកស្របច្បាប់នៃប្រទេសរុស្ស៊ី។

ក្នុងកំលុងដំណើរទស្សនកិច្ច លោក ពូទីន បានទៅទស្សនាសាលារៀន មន្ទីរពេទ្យ និងរោងចក្រកែច្នៃត្រីនៅលើកោះនេះ ដោយបាននិយាយទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់ដោយសរសើរទេសភាព និងអាកាសធាតុរបស់កោះ មិនដាច់ពីមាត់។ ចំណែកឯ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា នេះជាលើកដំបូងហើយ ដែលលោក ពូទីន ទៅដល់ប្រជុំកោះដែលមានវិវាទ។ សូមជម្រាបថា ទំនាក់ទំនងរុស្ស៊ី–ជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ក្នុងឆ្នាំ២០២២៕




