
រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការសាងសង់នាវាចម្បាំង ដើម្បីការពារ និងប្រឆាំងនាវាមុជទឹក។ វាជាប្រភេទនាវាចម្បាំងផលិតក្នុងស្រុកធំជាងគេ និងទំនើបបំផុតក្នុងប្រវត្តិសាស្ត្រយោធាវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតយោធាវៀតណាម (Quan Doi Nhan Dan) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

គម្រោងនាវាចម្បាំងនេះ នឹងបំពាក់អាវុធ និងឧបករណ៍បច្ចេកវិទ្យាយោធា ដែលស្រាវជ្រាវ អភិវឌ្ឍន៍ និងដំឡើងដោយផ្ទាល់នៅក្នុងប្រទេស ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងទឹក រោងចក្រសាងសង់នាវា និងក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យោធា Viettel។ នាវានេះនឹងបំពាក់ប្រព័ន្ធរ៉ាដាស្កែនអេឡិចត្រូនិកសកម្ម (AESA) និងប្រព័ន្ធមីស៊ីលការពារអាកាស ព្រមទាំងមីស៊ីលវាយប្រហារនាវាចម្បាំងដែលអភិវឌ្ឍដោយវៀតណាម។

ការបង្កើនសមត្ថភាពផលិតកម្មការពារជាតិដោយខ្លួនឯងនេះ បានស្តែងឱ្យឃើញពីនយោបាយស្វ័យភាព និងកាត់បន្ថយការនាំចូលអាវុធយុទ្ធសាស្ត្រពីបរទេស ជាពិសេសពីប្រទេសរុស្ស៊ី ក្នុងបរិបទដែលវៀតណាមកំពុងមានជម្លោះដែនសមុទ្ទអូសបន្លាយជាមួយចិន និងភាគីពាក់ព័ន្ធផ្សេងទៀតនៅតំបន់សមុទ្ទចិនខាងត្បូង។ គួរបញ្ជាក់ថា វៀតណាមក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិពណ៌ការពារជាតិអន្តរជាតិលើកទី៣ នៅរដ្ឋធានីហាណូយ ក្នុងខែធ្នូខាងមុខនេះ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលការពារជាតិ និងធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់គ្រឿងសស្ត្រាវុធផងដែរ៕





