
ខេត្តកំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាប និងស្ទាក់ឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៧នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋ នៅលើកំណាត់ផ្លូវជាតិលេខ ៦A ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទោង…។

សូមជម្រាបថា ហេតុការណ៍ឆក់ទូរសព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង៤:១០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ភ្លាមៗនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការយ៉ាងជិតស្និទ្ធ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដោយបានប្រើប្រាស់វិធានការជំនាញ រហូតឈានដល់ការស្ទាក់ឃាត់ខ្លួនក្រុមជនសង្ស័យបានទាំងស្រុង។ យ៉ាងណាមិញ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុ ឬពេលវេលាពិតប្រាកដ ដែលក្រុមជនសង្ស័យទាំងនេះ បានធ្វើដំណើរ មកពីខេត្តកណ្ដាលនោះឡើយ។

អត្តសញ្ញាណជនសង្ស័យ ទាំង៧នាក់ រួមមាន៖ ១.ឈ្មោះ ម៉ុត វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិទម្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល, ២.ឈ្មោះ អឿន សុភារម្យ ហៅ ជ្រួញ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល, ៣.ឈ្មោះ អាត រ៉ានុត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកន្តោរតុក ឃុំលំហាច ស្រុកអង្គស្នួល, ៤.ឈ្មោះ អាត បូរ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល, ៥.ឈ្មោះ ចុន កម្សត់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល, ៦.ឈ្មោះ រីម ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកន្តោរតុក ឃុំលំហាច ស្រុកអង្គស្នួល, ៧.ឈ្មោះ ធីម ដាលុច ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសរមាំង ឃុំត្រាំម្កាក់ ស្រុកអង្គស្នួល។

ដោយឡែក វត្ថុតាងត្រូវដកហូតបាន រួមមាន៖ ម៉ូតូ Honda Dream C125 ចំនួន២គ្រឿង, ម៉ូតូ Suzuki Nex Cross ចំនួន១គ្រឿង។ ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕





