
រាជធានីភ្នំពេញ៖ យុវជន៤នាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី៤មិថុនា ឆ្នាំ២០២៤នេះ បន្ទាប់ពីឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់កាបូបដៃពីជនរងគ្រោះនៅលើកងបីឥណ្ឌា តែមិនបានសម្រេច នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ីមុខក្រសួងការពារជាតិក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពេលនោះក៏បានប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់កាលនៅថ្ងៃទី០២មិថុនា ឆ្នាំ២០២៤ បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសរងគ្រោះ កំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច នៅចំមុខធនាគារសៃហ្គន-ហាណូយកម្ពុជា។ ភ្លាមៗកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ នៅចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងការពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១៖ឈ្មោះ ប៉ុន ជិនវង្ស ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ សង្កាត់ក្រាំងធ្នង់ (ក្រុមបិទគូទ)។ ទី២.ឈ្មោះ សួន ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ០២ បុរីពិភពថ្មីឈូកវ៉ា២ (ក្រុមបិទគូទ)។ ទី៣.ឈ្មោះ ប៉ុន រុលចក្រ ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ សង្កាត់ក្រាំងធ្នង់ (ជនដៃដល់)។ ទី៤.ឈ្មោះ សេង សុធា ភេទប្រុស អាយុ១៥ឆ្នាំ មានមុខរបរជាជាងកាត់សក់ ទីកន្លែងស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា (ជាអ្នកបើក)។

ដោយឡែក សម្ភារដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១KU-៩៦៣៦ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១KG-១៨៦៣។ បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕


