
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្ដីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានចុះមកកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ៣ថ្ងៃក្រោយ គឺនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញការតវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ដោយគ្មានអនុញ្ញាតពីកម្ពុជាជាម្ចាស់ទឹកដី។

ក្រសួងការបរទេស ចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជាដោយគ្មានការអនុញ្ញាត ថាជាចេតនាទាមទារយកដែនដីអធិបតេយ្យកម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំ២០២៥មក។ កម្ពុជាបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យកម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបាននោះទេ។

តាមរយៈសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី២៥ ខែសីហា ក្រសួងការបរទេសកម្ពុជា ហៅដំណើរទស្សនកិច្ចរបស់លោក អនុទីន ឆានវីរគុល ស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យកម្ពុជា ហើយក៏ជាការបំពានសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC) ផងដែរ។ កម្ពុជា ទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខានលើ ក៏ដូចជានៅតំបន់ផ្សេងទៀតរបស់កម្ពុជា៕




