
ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជាក់ស្តែង និងណែនាំដល់អាជ្ញាធរខេត្តស្វាយរៀង ត្រៀមអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សារបស់ពលរដ្ឋ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យទីតាំងសំខាន់ៗចំនួន២ ដូចជា ស្ថានភាពប្រព័ន្ធធារាសាស្ត្រ តាមបណ្តោយព្រែកព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកស្វាយជ្រំ និងស្ថានភាពអាងទឹកកំពង់ជ្រៃ ស្ថិតក្នុងស្រុកស្វាយជ្រំ។ តាមរបាយការណ៍អាងទឹកកំពង់ជ្រៃ មានសមត្ថភាពស្តុកទឹកបាន១១,៣លានម៉ែត្រគុប ប៉ុន្តែបច្ចុប្បន្នមានទឹកត្រឹម១៥ភាគរយប៉ុណ្ណោះ ដោយសាររបបទឹកភ្លៀងធ្លាក់មានកម្រិតតិច។ ដោយឡែក ការបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២៦ នៅទូទាំងខេត្តស្វាយរៀង សម្រេចបាន ៩១,០៥ភាគរយ ស្មើនឹង១៤០ ៤៧៤ហិកតា លើផែនការ ១៦៧ ៥០០ហិកតា។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ត្រូវសហការរៀបចំកិច្ចប្រជុំជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីផ្សព្វផ្សាយ និងតម្រង់ទិសការងារបង្កបង្កើនផលស្រូវវស្សា ឱ្យសមស្របតាមស្ថានភាពទឹកជាក់ស្តែង ព្រមទាំងជំរុញការប្រើប្រាស់ទឹកដោយសន្សំសំចៃ។

លើសពីនេះ ត្រូវចាត់វិធានការថែរក្សាប្រភពទឹកក្នុងអាង និងត្រៀមលក្ខណៈម៉ាស៊ីនបូមទឹកអន្តរាគមន៍ឱ្យបានរួចរាល់ ដើម្បីជួយសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករ ក្នុងករណីមានការខ្វះខាតទឹក។ សូមជ្រាបថា ក្រសួងធនធានទឹក បានព្យាករថា សម្ពាធទាបដែលកើតនៅលើសមុទ្ទចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៩ ឈ្មោះ ណារ៉ា និងព្យុះទី២០ ឈ្មោះ ហ្គាណារី បានរួមគ្នាជាមួយព្យុះទី១៨ ឈ្មោះ សូដេល មានឥទ្ធិពល មកលើរបបខ្យល់មូសុងនិរតី ដែលបានបោកបក់មកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល និងសមុទ្ទអាន់ដាម៉ាន់។ កត្តាទាំងនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា បន្តមានភ្លៀងធ្លាក់រាយប៉ាយ នៅទូទាំងប្រទេស ចន្លោះពី៣០ដល់៦០ភាគរយ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៩សីហា៕





