
រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថៃ លោក អនុទីន ឆានវីរគុល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានចុះទៅកាន់តំបន់អានសេះរបស់កម្ពុជា (ថៃ ហៅ ឆងអានម៉ា) ហើយបានប្រកាសគាំទ្ររាល់បេសកកម្មរបស់យោធាខ្លួន។ នេះបើតាមការចុះផ្សាយ ដោយសារព័តមានថៃ Amrin TV។ សុន្ទរកថារបស់លោក អនុទីន បង្ហាញយ៉ាងច្បាស់ អំពីគោលជំហរដ៏រឹងត្អឹងរបស់ថៃ ចំពោះបញ្ហាព្រំដែនជាមួយកម្ពុជា...។

លោក អនុទីន បានចុះទៅច្រកអានសេះ ដើម្បីសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ទាហានថៃ បន្ទាប់ពីមានហេតុការណ៍ជាន់មីនបានបណ្ដាលឱ្យទាហានម្នាក់ដាច់ជើង។ លោក មិនត្រឹមតែផ្តោតលើសុវត្ថិភាព និងការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានប្រកាសថា រាជរដ្ឋាភិបាល នឹងគាំទ្រយោធាយ៉ាងពេញទំហឹង។ លោក រលាស់អណ្តាតថា ៖«[...]ខ្ញុំសុំឱ្យនាយទាហានទាំងអស់សហការគ្នា...ហើយខ្ញុំសុំឱ្យអ្នកទាំងអស់គ្នា ប្រុងប្រយ័ត្នក្នុងគ្រប់បេសកកម្ម ដោយកាត់បន្ថយហានិភ័យឱ្យបានច្រើនបំផុត តាមអ្វីដែលអាចធ្វើទៅបាន»។

ដំណើររបស់លោក អនុទីន ចុះទៅព្រំដែន និងការប្រកាសគាំទ្រដល់យោធាខ្លួននាពេលនេះ គឺស្ថិតក្នុងកាលៈទេសៈដែលស្ថានការណ៍ព្រំដែននៅតែមានភាពរសើប។ ម្យ៉ាងទៀត យោធាថៃ មិនទាន់បញ្ចប់មហិច្ឆតាឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាតាមព្រំដែននោះទេ ដូចជា ស្រាស់បន្លាលួស ដាក់ទូកុងតឺនឺ ធ្វើផ្លូវ និងជីកលេណដ្ឋាន ជាដើម។ ទោះកម្ពុជាប្រកាសប្រាប់អន្តរជាតិឱ្យដឹងឮគ្រប់គ្នា និងតែងបង្ហាញការតវ៉ាជាញឹកញាប់យ៉ាងណាក៏ដោយ ក៏យោធាថៃមិនព្រមបញ្ឈប់សកម្មភាពរំលោភបំពានទាំងនេះដែរ៕





