
ក្រុងសិរីសោភ័ណ៖ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសម្រុកបោសសម្អាតឱ្យអស់ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំទាន់ភ្លេចខ្លួន ត្រូវបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស ចំពោះករណីឆបោកក្រោមរូបភាពនៃការខ្ចីគណនីធនាគារប្រើប្រាស់ ក្នុងន័យផ្ទេរលុយខ្មៅចូលគណនីធនាគាររបស់ប្រជាពលរដ្ឋ ដើម្បីលាងលុយខ្មៅបំភាន់ភ្នែកសមត្ថកិច្ច…។

ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំសម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី បានលើកឡើងពីល្បិចរបស់ឧក្រិដ្ឋជនដែលបានប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈការអូសទាញសាច់ញាតិ ឬអ្នកដែលធ្លាប់ធ្វើការងារជាមួយ ដើម្បីខ្ចីគណនីធនាគារជាថ្នូរទៅនឹងការផ្ដល់ថវិកាមួយចំនួន។ លោក អ៊ុំ រាត្រី អះអាងថា៖«ពេលខ្ចីបានហើយ គេនឹងប្រើប្រាស់គណនីធនាគារស្របច្បាប់របស់បងប្អូនក្នុងរយៈពេលដ៏ខ្លី ដើម្បីផ្ទេរលុយខ្មៅដែលបានមកពីការប្រព្រឹត្តបទល្មើសឆបោក ចូលមកគណនីធនាគារស្របច្បាប់ ហើយប្រសិនបើសមត្ថកិច្ចរកឃើញថា មានការជាប់ពាក់ព័ន្ធ នឹងត្រូវប្រឈមមុខផ្លូវច្បាប់»។

លោក អ៊ុំ រាត្រី បានបញ្ជាក់បន្ថែមដល់បងប្អូនប្រជាពលរដ្ឋពីព័ត៌មានមួយចំនួន ជុំវិញការប្រើប្រាស់គណនីធនាគារ ដើម្បីសំដៅធ្វើយ៉ាងណា កុំឱ្យរណីនេះកើតឡើង។ លោកបានអំពាវនាវម្ដងហើយម្ដងទៀតដល់ប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ជាដើម ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បើមានការសង្ស័យថា ទីតាំងណាមួយបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍បន្ទាន់មកសមត្ថកិច្ច ដើម្បីបង្ក្រាបឱ្យបានទាន់ពេលវេលា។ សូមជម្រាបថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងទេ ប៉ុន្តែវាជាវិបត្តិសកល ដែលកំពុងរីករាលដាលនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក៕




