ភូមាបង្កើតច្បាប់ប្រ.ហារជីវិតលើឧក្រិ.ដ្ឋជនអនឡាញស្កេម ដែលធ្វើឱ្យមានមនុស្សស្លា.ប់
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ សភាភូមា ដែលគាំទ្រដោយរបបសឹក ឬក្រុមយោធា បានអនុម័តច្បាប់ប្រឆាំងបទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយកំណត់ទោសប្រហារជីវិតចំពោះបុគ្គលទាំងឡាយណាដែលចាប់ឃាត់ខ្លួន ឬប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ដើម្បីបង្ខំជនរងគ្រោះឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។

លោក អ៊ុង លីនវ៉េ (Aung Lin Dwe) ប្រធានសភាភូមា បានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ច្បាប់នេះត្រូវបានអនុម័តបន្ទាប់ពីសភាថ្នាក់ទាប និងថ្នាក់ខ្ពស់បានសម្រេចឯកភាពរួមគ្នានៅរដ្ឋធានីណៃពិដោ ដោយរក្សាទុកនូវទោសទណ្ឌធ្ងន់ធ្ងរបំផុតនេះដដែល។ យោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ជនល្មើសដែលប្រព្រឹត្តអំពើហិង្សា ធ្វើទារុណកម្ម ឬឃុំឃាំងមនុស្សដោយខុសច្បាប់ ដើម្បីបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមអនឡាញ នឹងត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារពី១០ឆ្នាំ ដល់មួយជីវិត ហើយប្រសិនបើអំពើនោះ បណ្ដាលឱ្យជនរងគ្រោះបាត់បង់ជីវិត ជនល្មើសនឹងត្រូវផ្តន្ទាទោសប្រហារជីវិតភ្លាមៗ។ លើសពីនេះ បុគ្គលដែលបង្កើត ឬប្រតិបត្តិការមជ្ឈមណ្ឌលឆបោកអនឡាញ ក៏នឹងត្រូវប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់មួយជីវិតដូចគ្នា

ច្បាប់ថ្មីនេះ គឺជាច្បាប់ដំបូងបង្អស់ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលថ្មីរបស់ភូមា ក្រោមការដឹកនាំរបស់លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែមេសាកន្លងទៅ បន្ទាប់ពីការបោះឆ្នោតជាតិដែលរងការរិះគន់ជាខ្លាំងថា មិនស្មើភាព និងមិនមានយុត្តិធម៌។ បណ្តាញឆបោកតាមអ៊ីនធឺណិត ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ បានរីកដុះដាលដូចផ្សិតនៅក្នុងប្រទេសភូមា ចំពេលមានសង្គ្រាមស៊ីវិល និងភាពអសន្តិសុខ ខណៈជនបរទេសជាច្រើនត្រូវបានជួញដូរ និងរងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនៅក្នុងទីតាំងឆបោកទាំងនោះ មុនពេលត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ៕

លោក មីន អ៊ុងឡាំង
លោក មីន អ៊ុងឡាំង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត