
រដ្ឋធានីប៉េកាំង៖ បច្ចុប្បន្ន ប្រទេសចិន កំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង លើគ្រប់វិស័យ រួមមាន៖ វិស័យយោធា សេដ្ឋកិច្ច និងពង្រីកឥទ្ធិពលលើភូមិសាស្ត្រនយោបាយពិភពលោក។ ក្នុងមហិច្ឆតាដើរកៀកស្មាជាមួយសហរដ្ឋអាម៉េរិក ខណៈក្រុមហ៊ុនផលិតរថយន្ដនានារបស់ប្រទេសមហាយក្សអាស៊ីមួយនេះ មានក្ដីរំពឹងថា នឹងវាយលុកដណ្ដើមចំណែកទីផ្សាររថយន្ដរបស់អឺរ៉ុបរហូតដល់៣០ភាគរយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ...។

ក្រុមអ្នកវិភាគនៅធនាគារស៊ីទី (Citi) អះអាងថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ចិន អាចនឹងដណ្តើមបានចំណែកទីផ្សាររថយន្តនៅអឺរ៉ុប ចន្លោះពី១៥ ទៅ៣០ភាគរយ នៅត្រឹមឆ្នាំ២០៣៥ កើនឡើងប្រហែល១០ភាគរយ នៅឆ្នាំ២០២៦ ខណៈលទ្ធផលនេះ អាស្រ័យទៅលើកម្រិតនៃការរឹតបន្តឹងពន្ធគយ និងវិធានស្តីពីផលិតផលដែលផលិតក្នុងសហភាពអឺរ៉ុប (EU) ដោយអាជ្ញាធរក្រុងប៊្រុចសែល។ នេះបើតាមសារព័ត៌មានហុងកុង South China Morning Post ចេញផ្សាយព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី១៣សីហានេះ។

បើតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធុម្សិលមិញ ក្រុមអ្នកវិភាគរបស់ធនាគារស៊ីទី Citi ដឹកនាំដោយលោក ហារ៉លដ៍ ហែនឌ្រីកស៍ (Harald Hendrikse) បញ្ជាក់ថា វិធានបច្ចុប្បន្នរបស់សហភាពអឺរ៉ុប នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តនានារបស់ចិន អាចដណ្តើមចំណែកទីផ្សាររថយន្ដរហូតដល់៣០ភាគរយ នៅត្រឹមឆ្នាំ២០៣៥ (នេះជាការព្យាករគោលរបស់Citi)។ ប៉ុន្តែប្រសិនបើមានការបន្តអនុវត្តពន្ធគយដែលមានស្រាប់ លើរថយន្តអគ្គិសនីរបស់ចិន ទៅលើរថយន្តប្រភេទ Plug-in Hybrid (ផ្លាក់-អ៊ិនហាយប៊្រីដ)ផងដែរនោះ វានឹងកំណត់ចំណែកទីផ្សារមកនៅត្រឹមតែ២៥ភាគរយប៉ុណ្ណោះ។ ក្រុមអ្នកវិភាគផ្នែកធុរកិច្ច ក៏បានបញ្ជាក់ផងដែរថា ការកាត់បន្ថយដ៏ខ្លាំងក្លាបំផុត នៅក្នុងការព្យាកររបស់ពួកគេ នឹងកើតចេញពីលក្ខខណ្ឌតម្រូវឱ្យផលិតនៅក្នុងតំបន់អឺរ៉ុប ដែលមានចែងក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការជំរុញឧស្សាហកម្មរបស់សហភាពអឺរ៉ុប។

ច្បាប់នេះ នឹងកាត់បន្ថយចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តនានារបស់ចិន មកនៅត្រឹម៥ភាគរយ ក្នុងរយៈពេលពីរឆ្នាំខាងមុខ និងរក្សាចំណែកទីផ្សារ នៅកម្រិត១៥ភាគរយ ត្រឹមឆ្នាំ២០៣៥។ រីឯក្របខ័ណ្ឌដ៏ទូលំទូលាយ ស្តីពីការផលិត នៅសហភាពអឺរ៉ុប ក្រោមច្បាប់នេះ នឹងតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តនានារបស់ចិន ដំឡើងរថយន្តនៅក្នុងតំបន់ និងប្រើប្រាស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។ វិធានការបែបនេះ នឹងកាត់បន្ថយយ៉ាងខ្លាំង នូវលទ្ធភាព នៃការកើនឡើងចំណែកទីផ្សារ នាពេលអនាគត ដោយសារតែការផលិតក្នុងស្រុករបស់សហភាពអឺរ៉ុប នឹងលុបបំបាត់អត្ថប្រយោជន៍ នៃតម្លៃផលិតកម្មទាបរបស់ប្រទេសចិន។ ស្របគ្នាដែរ ក្រុមអ្នកវិភាគបានព្រមានថា ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប អាចនឹងប្រឈមមុខនឹងការធ្លាក់ចុះបរិមាណលក់ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅក្នុងរយៈពេល១០ឆ្នាំ។

ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអាស៊ីផ្សេងៗទៀត ជាពិសេស ក្រុមហ៊ុនមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏នឹងធ្លាក់ចុះពីកម្រិត២០ភាគរយ ដែលបានកត់ត្រាកាលពីឆ្នាំ២០២៥ មកនៅក្រោម១៦ភាគរយត្រឹមឆ្នាំ២០៣៥។ ក្រុមហ៊ុនផលិតរថយន្តចិន មើលឃើញចំណែកទីផ្សាររបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប កើនឡើងយ៉ាងឆាប់រហ័ស ដោយមានក្រុមហ៊ុនជាច្រើន ដូចជា BYD និងMG (របស់ក្រុមហ៊ុន SAIC) ជាក្រុមហ៊ុននាំមុខគេ។ ការកើនឡើងបែបនេះ បាននិងកំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើង ដល់អ្នកជំនួញ និងអ្នកនយោបាយនៅអឺរ៉ុប៕


