មហាមិត្តដែកថែបរបស់កម្ពុជា ធ្វើសមយុទ្ធយោធា «Falcon Strike 2026» ជាមួយយោធាឈ្លានពានភាគខាងលិច
ហៀប ស៊ីថេត
5 ម៉ោងមុន

ខេត្តឧត្តរធានី៖ ផ្ទៃមេឃភាគឦសាននៃប្រទេសថៃ បាននិងកំពុងក្លាយជាទីលានសម្រាប់ការហ្វឹកហ្វឺនសមត្ថភាពយោធាដែនអាកាសរួមគ្នារវាងថៃ និងចិន ខណៈសមយុទ្ធ «Falcon Strike 2026» បាននិងកំពុងប្រព្រឹត្តតាំងតែពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែសីហា នៅឯមូលដ្ឋានទ័ព Wing 23 ក្នុងខេត្តឧត្តរធានី ប្រទេសថៃ។ សមយុទ្ធនេះមានការចូលរួមពីសំណាក់យន្តហោះចម្បាំង និងប្រព័ន្ធគាំទ្រដែនអាកាសរបស់ប្រទេសទាំង២ ដោយផ្តោតលើការប្រតិបត្តិការរួមគ្នា ការបញ្ជាការ និងការចាក់ប្រេងលើអាកាស។ នេះបើតាមការចុះផ្សាយដោយកាសែតខាវសដ នៅល្ងាចថ្ងៃទី១៣សីហា នេះ...។

សមយុទ្ធលើកនេះ មិនមែនមានត្រឹមតែការហោះហើរបង្ហាញសមត្ថភាពធម្មតានោះទេ ប៉ុន្តែបានបញ្ចូលប្រតិបត្តិការអាកាសយុទ្ធសាស្ត្រ ការបញ្ជា និងការគ្រប់គ្រងតាមអាកាស ការចាក់ប្រេងលើអាកាស និងបេសកកម្មរួម ដែលមានគោលដៅបង្កើនសមត្ថភាពដល់កងកម្លាំងនៃប្រទេសទាំង២ឱ្យកាន់តែខ្លាំង ក្នុងការធ្វើប្រតិបត្តិការហ្វឹកហ្វឺនយោធារួមគ្នា។ ភាគីចិន បានដាក់ពង្រាយយន្តហោះចម្បាំង J-10C និង J-11 រួមជាមួយយន្តហោះ AWACS ដែលមានតួនាទីសំខាន់ក្នុងការឃ្លាំមើលស្ថានការណ៍ និងគាំទ្រការបញ្ជាការប្រតិបត្តិការតាមអាកាស ឬហៅម្យ៉ាងទៀតថា៖«ភ្នែកទិព្វលើមេឃ»។ ចំណែកឯ កងទ័ពអាកាសថៃ បានចូលរួមដោយប្រើប្រាស់យន្តហោះចម្បាំង Gripen និង Alpha Jet។ ចំណុចសំខាន់មួយនៃសមយុទ្ធខ្នាតយក្ស Falcon Strike 2026 គឺជាការធ្វើលំហាត់សឹកយោធា ដើម្បីឱ្យកងកម្លាំងទាំង២ អាចសាកល្បងការរៀបចំផែនការ ការសម្របសម្រួល និងការបញ្ជាប្រតិបត្តិការសឹកនៅក្នុងបរិយាកាសស្មុគស្មាញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថា..ការហាត់សមចាក់ប្រេងលើអាកាស ព្រោះវាអាចឱ្យយន្តហោះចម្បាំងប្រតិបត្តិការសឹក ដោយមិនចាំបាច់ហោះចូលមូលដ្ឋានញឹកញាប់។

យ៉ាងណា សមយុទ្ធរួមគ្នារវាងមហាមិត្តរបស់កម្ពុជា និងចោរឈ្លានពានមួយនេះ កំពុងក្លាយជាសម្ពាធផ្លូវចិត្តដោយប្រយោល ដ្បិតអីចិន..ជាសម្ព័ន្ធមិត្តដែកថែបដែលបានប្រកាសមិនអាចរហែកចេញពីគ្នាបាន ចំណែកឯយោធាថៃ គឺជាប្រទេសបើកការឈ្លានពានលើមិត្តដែកថែបរបស់ចិនខ្លួនឯងទៅវិញ។ គេនៅចាំបានថា កាលពីខែកក្កដា ឆ្នាំ២០២៥ យោធាថៃ បានបើកការឈ្លានពានកម្ពុជាយ៉ាងកម្រោល ដោយប្រើអាវុធធ្ងន់ធ្ងរ និងសាហាវៗ ដែលមានទាំងការបាញ់កាំភ្លើងធំ ដ្រូនអត្តឃាត គ្រាប់បែកចង្កោម ផ្សែងគីមីពុល និងការវាយប្រហារតាមអាកាសដោយបក្សីចម្បាំង F-16, Gripen, និង T-50 ជាដើម។ សម្រាប់កម្ពុជា ការដែលយន្តហោះចម្បាំងចិន និងថៃ ហោះហើររួមគ្នានេះក្នុងលំហាត់សឹកបង្កើនសមត្ថភាពប្រយុទ្ធនេះ គឺជាកង្វល់ក្នុងចិត្តរបស់មេដឹកនាំកម្ពុជា ដ្បិតសមយុទ្ធនេះ កើតឡើងស្របពេលវិបត្តិព្រំដែននៅបន្តតានតឹង ខណៈដែនអធិបតេយ្យកម្ពុជាជាច្រើន ស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីសំណាក់យោធាឈ្លានពានមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត