
រាជធានីបាងកក៖ កន្លងមក ថៃតែងតែព្យាយាមរលាស់អណ្តាតលាបពណ៌ និងចោទប្រកាន់មកលើប្រទេសកម្ពុជា ជុំវិញបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ប៉ុន្តែការពិតជាក់ស្តែង ថៃទៅវិញទេ គឺជាជម្រកនៃសម្បុកមេខ្លោងឧក្រិដ្ឋកម្មឆបោកជាប្រព័ន្ធលំដាប់ពិភពលោក។ ជាក់ស្តែង កងតម្រួតនគរបាលថៃ បានចាប់ខ្លួនបុរសជនជាតិបារាំងម្នាក់អាយុ៣៨ឆ្នាំ នៅក្នុងខេត្តពេជ្របុរី (เพชรบุรี) ពីបទសង្ស័យមានជាប់ពាក់ព័ន្ធនឹងគម្រោងវិនិយោគបោកប្រាស់បែបពីរ៉ាមីត និងបានបោកប្រាស់ជនរងគ្រោះនៅអឺរ៉ុបអស់ទឹកប្រាក់ប្រមាណ៧,៥ពាន់លានបាត ឬប្រហែលជាង២០០លានដុល្លារអាម៉េរិក។

ភស្តុតាងថ្មីបំផុតនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ដោយ លោក ទ្រង់ព្រោត សិរិសុខៈ (พล.ต.ต. ทรงโปรด สิริสุขะ) មេបញ្ជាការកងពលអន្តោប្រវេសន៍ទី៣ បានថ្លែងកាលពីថ្ងៃអាទិត្យទី២១មិថុនាថា ជនសង្ស័យម្នាក់ឈ្មោះ «ដូហ្កាន់ (Mr. Dogan)» ត្រូវបានឃាត់ខ្លួននៅឯវីឡាមួយកន្លែង ក្នុងស្រុកឆាអាំ (ชะอำ) ខេត្តពេជ្របុរី កាលពីថ្ងៃសៅរ៍ទី២០ ខែមិថុនា។ មែនទែនទៅ ជននេះមានឈ្មោះក្នុងដីកាក្រហមរបស់ប៉ូលិសអន្តរជាតិ (ឬ Interpol) ជាមួយនឹងដីកាចាប់ខ្លួនចេញដោយប្រទេសបារាំង និងប្រទេសតួកគី។ បុរសជនជាតិបារាំងរូបនេះ ក៏ត្រូវបានសង្ស័យថា ជាសមាជិកដ៏សំខាន់នៃបណ្តាញក្រុមបោកប្រាស់បែបពីរ៉ាមីត ដែលដំណើរការដោយក្រុមឧក្រិដ្ឋជន មានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។

បណ្តាញក្រុមឧក្រិដ្ឋជននោះ មានគ្នា៥នាក់ និងបានបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថលមួយ កាលពីឆ្នាំ២០២២ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនហិរញ្ញវត្ថុខ្នាតធំនៅក្នុងទីក្រុងឌូបៃ។ ពួកគេ បានល្បួងជនរងគ្រោះ ជាពិសេស ជនជាតិតួកគីរស់នៅក្នុងប្រទេសបារាំង បែលហ្ស៊ិក ស្វីស និងនូវែលសេឡង់ ឱ្យចូលរួមវិនិយោគក្នុងម្នាក់ៗចាប់ពីជាង២ម៉ឺនទៅ៣០ម៉ឺនដុល្លារ។ ក្រុមនេះ បានសន្យាថា នឹងផ្តល់ប្រាក់ចំណេញខ្ពស់រហូតដល់១៥ភាគរយក្នុងមួយខែ និងទទួលបានប្រាក់ចំណេញ៥ដងក្នុងមួយឆ្នាំ ហើយទទួលបានប្រាក់រង្វាន់ (ឬBonus) ១០ភាគរយបន្ថែមទៀត សម្រាប់ការកៀរគរអ្នកវិនិយោគថ្មីៗឱ្យចូលរួម។

សរុបមក មានជនរងគ្រោះប្រហែល៩០០នាក់ ដែលទំហំនៃការខាតបង់ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែលជាង២០០លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យកំពុងប្រឈមមុខនឹងនីតិវិធីធ្វើបត្យាប័ន ដោយត្រូវបញ្ជូនខ្លួនទៅកាត់ទោសនៅបរទេស។ សូមជម្រាបថា រឿងអាស្រូវដ៏អាម៉ាសនេះ បានបង្ហាញពិភពលោកឃើញកាន់តែច្បាស់ថា រាជធានីបាងកក បានលើកដៃចង្អុលមុខចោទកម្ពុជា ទាំងដែលសម្បុកឧក្រិដ្ឋជនពិតប្រាកដ គឺស្ថិតនៅលើទឹកដីថៃខ្លួនឯង៕



