
រដ្ឋធានីវៀងចន្ទន៍៖ អាជ្ញាធរនៃប្រទេសឡាវ បានធ្វើការឃាត់ខ្លួនជនជាតិជាតិថៃចំនួន៤២នាក់ កាលពីថ្ងៃទី១៦កក្កដា ក្រោយពីបានបើកប្រតិបត្តិការឆ្មក់ចូលត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតក្នុងខេត្តសុវណ្ណខេត្ត (ສະຫວັນນະເຂດ) ដែលសង្ស័យថា ប្រើប្រាស់សម្រាប់ដំណើរការគេហទំព័រល្បែងស៊ីសងល្បែងអនឡាញខុសច្បាប់...។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចឡាវទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន ថា មានក្រុមជនបរទេសជួលឃ្លាំង ដើម្បីបើកអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតពេញ២៤ម៉ោងលើ២៤ម៉ោង។ នៅក្នុងការចុះបង្ក្រាបនោះ ប៉ូលិសឡាវ បានឃាត់ខ្លួនជនជាតិថៃចំនួន៤២នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងជាកុំព្យូទ័រលើតុ និងទូរសព្ទដៃជាច្រើនគ្រឿង ដែលជាឧបករណ៍បម្រើឱ្យការភ្នាល់។ បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតពង្រីកតម្រុយ ដើម្បីស្វែងរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ការឆ្មក់បង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ យ៉ាងក្ដៅគគុកនៅទូទាំងប្រទេសឡាវ ជាពិសេស នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ។ នេះជាករណីបង្ក្រាបចុងក្រោយបង្អស់ បន្ទាប់ពីមានប្រតិបត្តិការស្រដៀងគ្នា កាលពីថ្ងៃទី១៣ ខែឧសភា ដែលប៉ូលិសឡាវឃាត់ខ្លួនជនជាតិថៃ១០២នាក់ នៅក្នុងក្រុងកៃសន ភូមិវិហាន (ໄກສອນ ພົມວິຫານ) និងបានធ្វើការនិរទេសខ្លួនជនជាតិថៃ១០៦នាក់ ផ្សេងទៀត ចេញពីខេត្តបូលីខាំសៃ (ບໍລິຄຳໄຊ) កាលពីចុងខែឧសភា។ លើសពីនេះ កាលពីថ្ងៃទី១៧ ខែកក្កដា អាជ្ញាធររដ្ឋធានីវៀងចន្ទន៍ ក៏ទើបតែប្រគល់ខ្លួនជនជាតិថៃចំនួន២០នាក់ ត្រឡប់ទៅឱ្យសមត្ថកិច្ចថៃវិញផងដែរ បន្ទាប់ពីបានចាប់ខ្លួនពួកគេនៅក្នុងអាផាតមិនមួយកន្លែង ដែលពួកគេបានលួចលាក់ដំណើរការអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតដូចគ្នា៕



