រដ្ឋការរបស់ប្រធានាធិបតី ត្រាំ រៀបចំលុបចោលទិដ្ឋាការជនបរទេស ជាង២សែននាក់​
S
Sinuon Nop
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការវិលត្រឡប់មកកាន់តំណែងជាថ្មី នៅក្នុងអាណត្ដិទី២ ចាប់តាំងពីឆ្នាំ២០២៥ រហូតមក រដ្ឋការរបស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានហាមឃាត់ដល់ដល់ប្រជាពលរដ្ឋ មកពីបណ្ដាប្រទេសជាច្រើន ចូលមកជាន់ទឹកដីសហរដ្ឋអាម៉េរិក ខណៈឥឡូវរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ​កំពុងតែរៀបចំដកហូតទិដ្ឋាការទ្រង់ទ្រាយធំបផុត នៅក្នុងប្រវត្ដិសាស្រ្ដ នៃប្រទេសមហាអំណាចកំពូលរបស់ពិភពលោកទាំងសេដ្ឋកិច្ច និងយោធាមួយនេះ។​

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រមុខការទូត លោក ម៉ាកូ រូប៊ីអូ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រមុខការទូត លោក ម៉ាកូ រូប៊ីអូ

សារព័ត៌មាន PBS News បានផ្សាយ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែរៀបចំលុបចោលទិដ្ឋាការ សម្រាប់អាជីវកម្ម និងទេសចរណ៍របស់ជនបរទេស រហូតដល់ ២០០ ០០០នាក់ ដែលបានដាក់ពាក្យស្នើសុំ ឬកំពុងតែស្វែងរកឋានៈជាអ្នកសុំសិទ្ធិជ្រកកោន នៅ​សហរដ្ឋអាម៉េរិក។ ប្រសិនបើវិធានការបែបនេះកើតឡើងមែននោះ វានឹងក្លាយជាការដកហូត ឬលុបចោលទិដ្ឋាការទ្រង់ទ្រាយធំលើកដំបូង ដែលមានចំនួនដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក។ ​ករណីនេះទំនងជានឹងប្រឈមមុខជាមួយ​នឹងផ្លូវច្បាប់ផងដែរ។​

អនុរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក គ្រីស្ដូហ្វ័រ ឡានដូ
អនុរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក គ្រីស្ដូហ្វ័រ ឡានដូ

មួយវិញទៀត ​​ប្រសិនបើគ្មានការប្រែប្រួល ឬការកែប្រែ​ណាមួយនោះទេ ​ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក អាចនឹងប្រកាស នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ អំពីការលុបចោលទិដ្ឋាការ ប្រភេទ B1 និង B2 ដែលត្រូវបានចេញឱ្យ ​ចន្លោះពីឆ្នាំ២០១៦ និង ឆ្នាំ២០២៦ ដល់បុគ្គលដែលធ្លាប់​ស្នើសុំ ឬកំពុងតែស្នើសុំសិទ្ធិជ្រកកោន។ វិធានាការ​នេះ ​នឹងត្រូវអនុវត្តឡើង ដោយមានការ​​សម្របសម្រួល ពី​ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (ក្រសួងមហាផ្ទៃ) (DHS)។ នេះបើតាមឯកសាររបស់​ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលទទួលបាន ដោយទីភ្នាក់ងារព័ត៌មានរបស់សហរដ្ឋអាម៉េរិក A​P។​​

ស្របគ្នានេះដែរ អ្នកនាំពាក្យ ក្រសួងសន្ដិសុខមាតុភូមិ​សហរដ្ឋអាម៉េរិក លោក ថូមមី ភីហ្គោត (​​Tommy Pigott) បានបញ្ជាក់ ថា៖«យើងកំពុងតែសម្របសម្រួល ជាមួយក្រសួងសន្ដិសុខ​ ដើម្បីកំណត់អត្តសញ្ញាណ និងលុបចោលទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់ជនបរទេស ដែលបានមកដល់សហរដ្ឋអាម៉េរិក ជាមួយនឹងការលើកឡើងថា ពួកគេជាអ្នកទេសចររយៈពេលខ្លី ប៉ុន្តែក្រោយមក ​ដាក់ពាក្យសុំសិទ្ធិជ្រកកោន ដើម្បីស្នាក់នៅទីនេះ ជាអចិន្ត្រៃយ៍»។​

​ដោយឡែក ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក ដោយ​សុំ​មិនបញ្ចេញអត្ដសញ្ញាណ បានបញ្ជាក់ ​ថា ការលុបចោលទិដ្ឋាការទាំងនេះ មិនចាំបាច់ បណ្តាលឱ្យមានការនិរទេសពួកគេភ្លាមៗនោះឡើយ។ ​អ្នកជាប់ពាក់ព័ន្ធនឹង​ការសុំសិទ្ធិជ្រកកោន ដែលកំពុងតែរង់ចាំការអនុម័ត ភាគច្រើន នឹងត្រូវ​ចាត់ថ្នាក់ឡើងវិញ ប៉ុន្តែនឹងបាត់បង់ឋានៈជាអ្នកធ្វើដំណើរអាជីវកម្ម ឬទេសចរណ៍។​

លោក គ្រីស្ដូហ្វឺ ឡានដូ (Christopher Landau) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាម៉េរិក បានបង្ហោះសារ នៅលើបណ្ដាញសង្គម កាលពីថ្ងៃចន្ទ ទី២៥ ខែសីហា ថា ជនបរទេសមួយចំនួន​ កំពុងតែព្យាយាម​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍ និង​ទិដ្ឋាការ​អាជីវកម្ម​ ដើម្បី​ចូលមកកាន់​សហរដ្ឋអាម៉េរិក។ លុះក្រោយមក ពួកគេនឹង​​ដាក់ពាក្យសុំ​សិទ្ធិជ្រកកោនជាអចិន្ដ្រៃយ៍។ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឡើងកាន់តំណែងសម្រាប់អាណត្តិទីពីររបស់គាត់ កាលពីឆ្នាំ២០២៥ រដ្ឋការរបស់គាត់ បានបង្កើនការរឹតបន្តឹងជាបន្តបន្ទាប់លើអ្នកដាក់ពាក្យសុំទិដ្ឋាការ ដោយទាមទារព័ត៌មានបន្ថែម អំពីប្រវត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ទាមទារឱ្យមានការបង្ហោះមូលបត្របំណុលថ្លៃៗ សម្រាប់ដំណើរការទិដ្ឋាការ និងហាមឃាត់ទាំងស្រុងនូវការចេញទិដ្ឋាការដល់ពលរដ្ឋ នៃប្រទេសមួយចំនួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត