ឃាត់ខ្លួនជនជាតិថៃ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតស្ត្រីជនជាតិចិន
Chanmarady Chuon
5 ម៉ោងមុន

រាជធានីបាងកក ៖ បុរសជនជាតិថៃ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់ជំរិតស្ត្រីជនជាតិចិនម្នាក់ ចងដៃនឹងខ្សែ៉ូត និងដឹកតាមរថយន្ត ចេញពីរាជធានីបាងកក សំដៅទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា នៅមុនពេលជនរងគ្រោះរៀបចំលោតផ្លោះចេញពីរថយន្ត ដើម្បីគេចខ្លួន នៅក្នុងខេត្តកំពែងពេជ្រ ...។

កាសែតថៃ ខាវស៊ត បានរាយការណ៍ថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៩:០០ យប់ ថ្ងៃទី២៣ ខែសីហា។ ស្ត្រីរងគ្រោះដែលកំពុងស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីបាងកក បានឡើងជិះរថយន្ត ម៉ាក Nissan Teana ពណ៌ខ្មៅមួយគ្រឿង។ នាងបានប្រាប់ប៉ូលិស ថា នាងបានកក់សេវាធ្វើដំណើរតាមរយៈបុគ្គលម្នាក់ដែលនាងជឿជាក់ថាជាមគ្គុទ្ទេសក៍ទេសចរ​ (អ្នកនាំផ្លូវ) ប៉ុន្តែបានទាក់ទងគ្នាតាមទូរសព្ទតែប៉ុណ្ណោះ។ បន្ទាប់ពីបើកចេញពីសណ្ឋាគារ រថយន្តនោះបានឈប់ដឹកបុរស ៣នាក់បន្ថែមទៀត។ ខណៈនោះ ស្ត្រីរងគ្រោះដឹងខ្លួនថា ត្រូវគេបោកប្រាស់ ក៏បានព្យាយាមរំដោះខ្លួន តែត្រូវបានក្រុមជនសង្ស័យចាប់ឃាត់ ចងដៃនឹងខ្សែ​ និងបានវាយនាង ចំមាត់ទៀតផង។

ក្រុមជនសង្ស័យបានបើករថយន្តសំដៅទៅស្រុកម៉ែសត ខេត្តតាក ប៉ុន្តែនៅពេលមកដល់ខេត្តកំពែងពេជ្រ ស្ត្រីរងគ្រោះបានប្រទះឃើញប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសមួយ នាងបានស្រែកឱ្យគេជួយ ប៉ុន្តែអ្នកបើកបរបានបន្ថែមល្បឿន បុកទម្លុះប៉ុស្តិ៍ត្រួតពិនិត្យនោះ។ ក្នុងអំឡុងពេលបើកគេចខ្លួន ស្ត្រីរងគ្រោះបានសម្រេចចិត្ត បើកទ្វាររថយន្ត ហើយលោតចុះមកដី ទាំងរថយន្តកំពុងបើកបរ។ ក្រោយមក នាងបានរត់ទៅកាន់ទីតាំងអាជីវកម្មមួយនៅជិតនោះ ហើយ​រត់ទៅគោះទ្វារសុំជំនួយ។ ភ្លាមៗនោះ នាងក៏ត្រូវបានជួយសង្គ្រោះ និងបានបញ្ជូននាងទៅព្យាបាល នៅមន្ទីរពេទ្យ Kamphaeng Phet Hospital ។

កម្លាំងប៉ូលិសបានបើកប្រតិបត្តិការតាមដេញចាប់រថយន្តជនសង្ស័យ ដែលបានបើកទម្លុះប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងមុខ​​ប៉ុស្ដិ៍ប៉ូលិស Chula។ សមត្ថកិច្ចបានតាមប្រមាញ់រហូតដល់ឃុំ Lan Dok Mai ជាទីដែលរថយន្តរបស់ជនសង្ស័យបានផ្ទុះកង់។ ក្រុមជនសង្ស័យបានយករថយន្តទៅប្លុងចោល ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃក្បែរនោះ។ ជាលទ្ធផល ប៉ូលិសបានឃាត់ខ្លួនបុរស ២នាក់ មានឈ្មោះ Somkiat Thakaew អាយុ ៤១ឆ្នាំ និងឈ្មោះ Kittiporn Winyah អាយុ ២៤ឆ្នាំ ។ ចំណែកជនសង្ស័យ ២នាក់ទៀត​ បានរត់គេចខ្លួនបាត់ ប៉ុន្តែប៉ូលិសបានអះអាងថា បានស្គាល់អត្តសញ្ញាណបក្ខពួកដែលពាក់ព័ន្ធអស់ហើយ។ ជនសង្ស័យ ២នាក់ទៀតដែលបានរត់គេចខ្លួន គឺឈ្មោះ Suchart អាយុ ៤១ឆ្នាំ និង Kittisak អាយុ ២២ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅវត្តអារាមមួយកន្លែង នាល្ងាចថ្ងៃចន្ទដដែល។ បើតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ Kittiporn ដែលជាអ្នកបើកបរ បានសារភាពប្រាប់អ្នកស៊ើបអង្កេតថា ឈ្មោះ Somkiat បានជួលរូបគេក្នុងតម្លៃ ១០ ០០០បាត (ប្រហែលជិត ៣០០ដុល្លារ) ដើម្បីទៅដឹកស្ត្រីជនជាតិចិនរូបនោះ។ គេបានបន្ថែមថា បន្ទាប់ពីទទួលស្ត្រីរងគ្រោះចេញពីសណ្ឋាគាររួច គេក៏បានទៅដឹកឈ្មោះ Somkiat និងបុរស ២នាក់ផ្សេងទៀតតាមផ្លូវតែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត