
រាជធានីភ្នំពេញ៖ ជាមួយវិធានការដ៏ក្ដៅគគុក ក្នុងការរឹតបណ្តឹងសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សង្គម ត្រូវបានអនុវត្តយ៉ាងសកម្ម ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ (គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦) សមត្ថកិច្ចក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង័្សយ ជាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើង និងល្បែងស៊ីសងជិត១៣០នាក់ ហើយបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់...។

យោងតាមរបាយការណ៍ផ្លូវការរបស់ស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង ថា ការបង្ក្រាបបទល្មើសសន្តិសុខសង្គម នៅទូទាំងប្រទេស បានបង្ក្រាបក្មេងទំនើងសរុប២៧ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន១១៩នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅតាមបណ្តាមូលដ្ឋានគោលដៅជាច្រើន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ក្រចេះ រតនគិរី និងខេត្តស្វាយរៀង។ រីឯករណីល្បែងស៊ីសង បានបង្ក្រាបសរុប១០ករណី ឃាត់ខ្លួនមនុស្ស១៧នាក់។ ក្នុងនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចំនួន១០នាក់ និងបានធ្អប់រំណែនាំ ព្រមទាំងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ចំនួន៧នាក់។ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងទាំងនេះ បានធ្វើឡើង នៅក្នុងខេត្តកណ្តាល កំពត កំពង់ចាម និងខេត្តស្វាយរៀង។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ ថា យោងតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង នៃព្រះរាជាណាចក្រកម្ពុជា បុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងដោយខុសច្បាប់ ត្រូវប្រឈមមុខនឹងទោសទណ្ឌ អាចនឹងផ្ដន្ទាទោស ពិន័យជាប្រាក់ ឬដាក់ពន្ធនាគារ ចន្លោះពី១ថ្ងៃ ដល់ ១ខែ (ឬទោសទាំងពីររួមគ្នា)។ ចំណែកអ្នកបើក ឬអ្នកចាត់ចែងវង់ល្បែង នឹងប្រឈមការដាក់ពន្ធនាគារ ចន្លោះពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ ចាប់ពី៥លាន ដល់ ២០លានរៀល។ ដោយឡែក ចំពោះក្រុមក្មេងទំនើង សមត្ថកិច្ចបញ្ជាក់ ថា «ក្មេងទំនើង» មិនមែនជាពាក្យបច្ចេកទេស ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌដោយផ្ទាល់យ៉ាងណាក៏ដោយ ប៉ុន្តែទង្វើអុកឡុក បង្កជម្លោះ និងកាប់ចាក់គ្នារបស់ក្រុម «ក្មេងទំនើង» ភាគច្រើន ត្រូវទទួលទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ក្រោមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយអាស្រ័យទៅតាមប្រភេទបទល្មើសជាក់ស្តែង៖
-បទហិង្សាដោយចេតនា៖ ការវាយតប់ ឬបង្ករបួសស្នាមលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ដល់ ៦លានរៀល។
-បទធ្វើឱ្យខូចខាតដោយចេតនា៖ ការកាប់បំផ្លាញម៉ូតូ រថយន្ត ឬទ្រព្យសម្បត្តិសាធារណៈ/ឯកជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ដល់ ៤លានរៀល។
-ការកាន់កាប់អាវុធខុសច្បាប់៖ ការយកតាមខ្លួននូវដាវ កាំបិតកែច្នៃ ឬអាវុធផ្សេងៗក្នុងបំណងបង្កហិង្សា ត្រូវប្រឈមនឹងការដាក់ពន្ធនាគារ ពី៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់។
-បទឃាតកម្ម ឬប៉ុនប៉ងឃាតកម្ម៖ ប្រសិនបើការដេញកាប់ចាក់គ្នា បណ្ដាលឱ្យមានមនុស្សស្លាប់ ឬមានចេតនាសម្លាប់ ជនល្មើសត្រូវចោទប្រកាន់ពីបទ «ឃាតកម្ម» ឬ «ប៉ុនប៉ងឃាតកម្ម» ដែលប្រឈមមុខនឹងការដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ចាប់ពី១០ឆ្នាំ ដល់ ២០ឆ្នាំ។

ស្របគ្នានេះដែរ អាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ត្រូវតាមដាន និងអប់រំទូន្មានប្រដៅកូនចៅឱ្យបានល្អ ជៀសវាងការសេពគប់មិត្តភក្តិខុស នាំឱ្យប្រព្រឹត្តអំពើអបាយមុខ ឬបទល្មើសផ្សេងៗ ដែលនាំឱ្យបាត់បង់អនាគត និងត្រូវប្រឈមមុខ ចំពោះមុខច្បាប់ជាធរមាន៕




