
ខេត្តតាកែវ៖ មានករណីអគ្គិភ័យមួយ បានឆាបឆេះឃ្លាំងផ្ទុកកម្ទេចក្រណាត់យ៉ាងសន្ធោសន្ធៅ ដែលនៅខាងក្រោយរោងចក្រផលិតស្បែកជើង ស្ថិតក្នុងភូមិទំនប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ...។

បើតាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះ ចេញពីអគារឃ្លាំងសម្រាប់ស្តុកកម្ទេចក្រណាត់។ ដោយសារកម្ទេចក្រណាត់ ជាប្រភេទវត្ថុងាយឆេះ ទើបបណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងខ្លាំង ព្រមទាំងបង្កើតជាផ្សែងខ្មៅខ្មួលខ្មាញ់ឡើងលើអាកាសយ៉ាងសន្ធោសន្ធៅ។ បន្ទាប់ពីទទួលបានព័ត៌មានបែបនេះភ្លាៗ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ទៅដល់ទីតាំងកើតហេតុជាបន្ទាន់ ដើម្បីចាត់វិធានការគ្រប់គ្រងស្ថានការណ៍ ទប់ស្កាត់ និងការពារកុំឱ្យអណ្តាតភ្លើងរាលដាល ទៅកាន់អគារផ្សេងៗ ឬតំបន់ជុំវិញ។

យោងតាមការបញ្ជាក់ពីនគរបាលរដ្ឋបាលឃុំចំបក់ បានឱ្យដឹងថា ទីតាំងដែលបានរងការឆាបឆេះ គឺជាឃ្លាំងទុកដាក់សម្ភារ នៅផ្នែកខាងក្រោយ នៃអគាររោងចក្រផលិតស្បែកជើង តែវាមិនបានប៉ះពាល់ដល់អគារផ្នែកខាងមុខនោះឡើយ។ ប្រភពដដែល បានឱ្យដឹងថា ក្នុងហេតុការណ៍នេះ មិនមានកម្មករ-កម្មការិនីណាម្នាក់ ប្រឈមនឹងការជាប់នៅទីនោះ ឬរងរបួសនោះឡើយ។ ទោះយ៉ាងណា ចំពោះមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យកើតមានអគ្គិភ័យនេះ ព្រមទាំងទំហំ នៃការខូចខាតសម្ភារ និងខូចខាតទ្រព្យសម្បត្តិ សមត្ថកិច្ចជំនាញកំពុងបន្តត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែមយ៉ាងយកចិត្តទុកដាក់។ រីឯព័ត៌មានលម្អិតផ្លូវការ គឺសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងបញ្ជាក់ជូនជាបន្តបន្ទាប់ នៅពេលក្រោយ៕






