
ទីក្រុងតៃប៉ិ៖ មជ្ឈមណ្ឌលរដ្ឋបាលឧតុនិយម (CWA) របស់តៃវ៉ាន់ បានរាយការណ៍ ថា ខេត្តតៃទុង (Taitung) បានជួបប្រទះនឹងការរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ កាលពីម៉ោង៣ រសៀល ថ្ងៃអង្គារ ទី២៥ ខែសីហានេះ។

CWA បានឱ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅចម្ងាយ៤៨គីឡូម៉ែត្រ នាភាគអាគ្នេយ៍ នៃសាលាខេត្ត Taitung ហើយការរញ្ជួយនេះ មានជម្រៅ ១៣,១ គីឡូម៉ែត្រ។ កោះតៃវ៉ាន់ ប្រើប្រាស់មាត្រដ្ឋានពី១ដល់៧ ដើម្បីវាស់កម្រិត នៃគ្រោះរញ្ជួយដី នៅទីតាំងជាក់លាក់ណាមួយ។

គ្រោះរញ្ជួយដីនេះ ត្រូវបានកត់ត្រាកម្រិត៤ នៅខេត្ត Taitung និងកម្រិត៣ នៅខេត្ត ហួលៀន (Hualien), ជៀអ៊ី (Chiayi), យុនលីន (Yunlin), ទីក្រុងតៃណាន់ (Tainan)។ កម្រិត២ ត្រូវបានកត់ត្រា នៅខេត្ត ពីងតុង (Pingtung), ខេត្តណាន់ទូ (Nantou), ខេត្ត អ៊ីឡាន (Yilan), ខេត្ត ម៉ាយអៅលី (Miaoli), ទីក្រុង កៅសៀង (Kaohsiung), និងទីក្រុងតៃជុង (Taichung)។ ចំណែកកម្រិត១ ត្រូវបានរាយការណ៍ នៅខេត្ត ស៊ីនឈូ (Hsinchu), ខេត្ត ប៉េងហ៊ូ (Penghu), ទីក្រុង តាវយ័ន (Taoyuan), និងទីក្រុង តៃប៉ិ (Taipei)៕



