
រាជធានីបាងកក៖ អគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតកៅស៊ូមួយកន្លែងក្នុងខេត្តបុរីរម្យ ដោយបញ្ចេញផ្សែងយ៉ាងសន្ធោសន្ធៅហុយពាសពេញតំបន់ជុំវិញចម្ងាយជាង១០គីឡូម៉ែត្រ។ រថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ប៉ុន្តែអណ្តាតភ្លើងបានឆាបឆេះអស់រយៈពេលជាង៥ម៉ោង...។

គិតត្រឹមព្រឹកថ្ងៃទី២០ខែកក្កដានេះ អគ្គិភ័យនៅក្រុមហ៊ុន North East Rubber Public Limited ស្ថិតក្នុងឃុំមឿង ស្រុកព្រះគុណជ័យ បានបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅដោយមិនអាចគ្រប់គ្រងបាន។ អគ្គិភ័យបានចាប់ផ្តើមនៅម៉ោង១ៈ៣០នាទីយប់រំលងអាធ្រាត្រ ហើយទោះបីជាមានការខិតខំប្រឹងប្រែងពីសេវាពន្លត់ភ្លើងមកពីតំបន់ជាច្រើនក៏ដោយ ក៏អណ្តាតភ្លើងនៅតែមិនអាចគ្រប់គ្រងបាន។ អាជ្ញាធរ និងក្រុមពន្លត់អគ្គិភ័យ បានចាត់វិធានការបង្ការ ដើម្បីទប់ស្កាត់កុំឱ្យរាលដាលដល់កន្លែងស្តុកប្រេង និងអគារផ្សេងៗទៀតដែលនៅជាប់នោះ។ ផ្សែងខ្មៅសន្ធោសន្ធៅគ្របដណ្ដប់ចម្ងាយជាង១០គីឡូម៉ែត្រពីកន្លែងកើតហេតុ ខណៈភ្លើងមិនមានសញ្ញាថមថយឡើយ។

អភិបាលរងខេត្តបុរីរម្យ លោកចម្រើន វ៉ែនពេជ្រ (จำเริญ แหวนเพชร) បានចុះពិនិត្យទីតាំងកើតហេតុ ដោយកត់សម្គាល់ថា អគ្គិភ័យនេះកើតចេញពីឃ្លាំងស្តុកកៅស៊ូ ដែលងាយឆេះខ្លាំង និងធ្វើឱ្យមានការស្មុគស្មាញក្នុងការពន្លត់។ អភិបាលរងខេត្តបានរាយការណ៍ថា ផ្សែងខ្មៅនេះមិនមានជាតិពុល ឬជាតិគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ។ យ៉ាងណា វិធានការប្រុងប្រយ័ត្នត្រូវបានណែនាំសម្រាប់អ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ រួមទាំងការពារក់ម៉ាសការពាររផងដែរ។ ផលប៉ះពាល់ហិរញ្ញវត្ថុនៃអគ្គិភ័យនៅមិនទាន់កំណត់បាននៅឡើយទេ ហើយការស៊ើបអង្កេតរកមូលហេតុកំពុងបន្ត។ គួរកត់សម្គាល់ថា រោងចក្រនេះ បានជួបប្រទះនឹងគ្រោះអគ្គិភ័យកាលពីឆ្នាំ២០២០ បណ្ដាលឱ្យខូចខាតគិតជាទឹកប្រាក់ប្រមាណ៥លានបាត (ឬស្មើនឹង១៥៤ ៣២០ដុល្លារអាម៉េរិក)។ យ៉ាងណា ឧប្បត្តិហេតុបច្ចុប្បន្ន គឺធ្ងន់ធ្ងរជាងពេលនោះទៅទៀត នេះបើតាមការរាយការណ៍របស់កាសែតខាវសដ ข่าวสด៕



