
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦មីនានេះ បានបង្ហាញរបាយការណ៍ថា រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥មីនា នៅទូទាំងប្រទេសកម្ពុជាកើតមានគ្រោះអគ្គិភ័យចំនួន២៨ករណី បណ្ដាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន២២ខ្នង ឆេះអស់គ្មានសល់…។

ក្រៅពីឆេះផ្ទះជាង២០ខ្នង អគ្គិភ័យដែលកើតឡើងជិត៣០ករណីនេះ បានឆេះបំផ្លាញបន្ទប់ស្នាក់នៅចំនួន៣, ព្រៃចំនួន៣កន្លែង, តូបលក់ដូរចំនួន២, ឡថ្នាំជក់ចំនួន១, រោងដាក់ចំបើងចំនួន១, ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។ របាយការណ៍ដដែលបង្ហាញថា ករណីអគ្គិភ័យទាំងនេះ បានកើតឡើងនៅរាជធានី-ខេត្តចំនួន១៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពត, កែប, ព្រះសីហនុ, ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប, កំពង់ធំ, ស្ទឹងត្រែង, ត្បូងឃ្មុំ, ខេត្តស្វាយរៀង, និងខេត្តព្រៃវែង។

គួររំឭកថា កាលពីខែកុម្ភៈកន្លងទៅ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះអគ្គិភ័យកើតឡើង៩៧ករណី បណ្ដាលឱ្យខូចខាត និងឆេះផ្ទះប្រជាពលរដ្ឋអស់៨៣ខ្នង ព្រមទាំងតូប ឃ្លាំង អគារស្នាក់នៅមួយចំនួនទៀត។ អគ្គិភ័យបំផ្លាញគ្រប់យ៉ាងដែលយើងខំរក ខំសន្សំទាំងលំបាក ហើយករណីខ្លះអាចឈានដល់ការបាត់បង់អាយុជីវិតទៀត។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នកុំធ្វេសប្រហែសឱ្យសោះ ជាពិសេស ពាក់ព័ន្ធនឹងការតបណ្ដាញអគ្គិសនី ត្រូវធ្វើស្របតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព។ ប្រសិនបើមានករណីអគ្គិភ័យកើតឡើង ត្រូវប្រញាប់ទាក់ទងទៅកាន់លេខ១១៨ ឬតេឡេក្រាម១១៨ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងជំនាញ៕



