ដ្រូនបំពាក់គ្រឿងបំផ្ទុះ​បន្ដគំរាមកំហែងជាថ្មី ដល់អាកាសយានដ្ឋាន​អាល្លឺម៉ង់
S
Sinuon Nop
9 ម៉ោងមុន

រដ្ឋធានីប៊ែរឡាំង៖ អាកាសយានដ្ឋានឡេបហ្ស៊ីក-ហាឡេ (Leipzig/Halle) នាភាគខាងកើត នៃប្រទេសអាល្លឺម៉ង់ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការដឹកជញ្ជូនសម្ភារៈយោធា រួមទាំងការដឹកជញ្ជូនរបស់​កងទ័ពអាល្លឺម៉ង់ និងអង្គការ​​ណាតូ ​ហើយវាក៏ដើរតួជាមូលដ្ឋាន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់អ៊ុយក្រែន Antonov Airlines​ ផងដែរ ប៉ុន្ដែឥឡូវ ព្រលានយន្ដហោះមួយនេះ កំពុងតែរងការគំរាមកំហែងជាបន្ដបន្ទាប់ ពីដ្រូន។

​ក្រុមមន្រ្ដីស៊ើបអង្កេត បានរកឃើញដ្រូនជាលើកទី៣ចំនួនមួយគ្រឿង ​និងវត្ថុដែលគេសង្ស័យ ជាគ្រឿងផ្ទុះ ហើយត្រូវបានគេជឿ ថា មានការជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងវាយប្រហារ មកលើព្រលានយន្តហោះ Leipzig/Halle កាលពីដើមខែសីហា។ នេះបើ​តាមសេចក្តីរាយការណ៍ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ដោយបណ្តាញផ្សព្វផ្សាយសាធារណៈ NDR និង WDR ។​

ការរកឃើញដ្រូនលើកទី៣នេះ បន្ទាប់ពីរកឃើញដ្រូនមួយគ្រឿង កាលពីថ្ងៃទី១៤ ខែសីហា ពោលគឺ១០ថ្ងៃ បន្ទាប់ពីហេតុការណ៍បែបនេះ បានកើតឡើង នៅតំបន់ភាគខាងលិច នៃព្រលានយន្តហោះមួយនេះ។  ក្រៅពីនេះ ក្រុមមន្រ្ដី​ស៊ើបអង្កេត ក៏​បានរកឃើញសារធាតុម្យ៉ាង មានទម្ងន់ប្រហែល៥០ក្រាម ដែលគេសង្ស័យ ថា វាជាសារធាតុបំផ្ទុះផ្នែកយោធា ប្រភេទ Hexogen។

ដ្រូនបំពាក់​គ្រឿងបំផ្ទុះមួយគ្រឿង ក៏ធ្លាប់រកឃើញ នៅជិតយន្តហោះដឹកទំនិញ Antonov របស់អ៊ុយក្រែន កាលពីថ្ងៃទី៤ ខែសីហា នៅក្នុងព្រលានយន្ដហោះដ៏សំខាន់របស់អាល្លឺម៉ង់មួយនេះ។​ ក្រុមមន្រ្ដី​ស៊ើបអង្កេត ​សង្ស័យ ថា អាចមានដ្រូន​ទីពីរមួយគ្រឿងទៀត បានហោះបុកជាមួយយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន DHL បន្ទាប់ពីព្រលានយន្តហោះ ត្រូវបានបិទជាបណ្តោះអាសន្ន។

ប្រភព​​សន្តិសុខ ដែលត្រូវបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានបង្ហាញពីការសង្ស័យ ថា ដ្រូនទាំងនេះ មានការជាប់ពាក់ព័ន្ធនឹង​ចារកម្មរុស្ស៊ី។ ប៉ុន្ដែរដ្ឋាភិបាលក្រុងមូស្គូ ​បានបដិសេធការចោទប្រកាន់ ដែលអះអាង ថា ខ្លួននៅពីក្រោយការប៉ុនប៉ងវាយប្រហារនេះ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត