
ខេត្តក្រចេះ៖ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គ្រោះទឹកជំនន់ពីទន្លេមេគង្គ-ខេត្តក្រចេះ បង្កឱ្យប្រជាពលរដ្ឋ រងផលប៉ះពាល់ ចំនួន៨៧៣៥គ្រួសារ ស្មើនឹង ៣៤០១៧នាក់។ នេះបើយោងតាមរបាយការណ៍ទទួលបានពី លោក ទីវ សុផែន មន្រ្តីសាលាខេត្តក្រចេះ។

តាមរបាយការណ៍ បានឱ្យដឹង ថា ទឹកជំនន់ទន្លេមេគង្គ-ខេត្តក្រចេះ បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៦ រួមមាន៖ ក្រុងក្រចេះ ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ សរុប៣៧ឃុំ-សង្កាត់ និង១៥៧ភូមិ។ ក្នុងនោះពលរដ្ឋចំនួន១២៤គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព និងសត្វពាហនៈ ដូចជា សត្វគោ-ក្របី ចំនួន២៣៣៩ក្បាល ក៏ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។ ជាមួយគ្នានេះ ផ្ទះ៥៥៤២ខ្នង មណ្ឌលសុខភាព២កន្លែង អគាររដ្ឋបាលឃុំ៥កន្លែង សាលារៀន៣៩កន្លែង និងវិហារសាសនា១៦កន្លែង ក៏ត្រូវបានរងផលប៉ះពាល់ដែរ។លើសពីនេះ ផ្លូវបេតុងរងផលប៉ះពាល់ ចំនួន៦៨១០ម៉ែត្រ ស្ពានបេតុង៣កន្លែង ស្ពានឈើ១៤កន្លែង លូកាត់ផ្លូវ១៥៨កន្លែង អណ្តូងស្នប់២៩កន្លែង អណ្តូងជីក៦កន្លែង បង្គន់អនាម័យ១៥៧១កន្លែង ព្រមទាំងផ្លូវក្រួសក្រហម និងផ្លូវដី ប្រវែងសរុប១៩៧ ២៥២ម៉ែត្រ ខូចខាត១៨៥ម៉ែត្រ។

ចំណែកផលប៉ះពាល់លើវិស័យកសិកម្ម មានដូចជា ស្រូវសន្ទូង និងស្រូវពង្រោះ សរុប៣១៩៥ហិកតា ខូចខាតអស់១១៥៩ហិកតា។ រីឯដំណាំរួមផ្សំរងផលប៉ះពាល់ មានចំនួន១០៥៥ហិកតា ខូចខាតអស់២៤៦ហិកតា។ សូមជ្រាប ថា ស្ថានភាពទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រក្រចេះ បានស្រកចុះមកវិញបន្តិច ដោយគិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ទឹកមានកម្ពស់២១,៤៥ម៉ែត្រ ខណៈកម្រិតទឹកប្រុងប្រយ័ត្ន គឺ២២,០០ម៉ែត្រ៕



