គ្រោះទឹកជំនន់បង្កផលប៉ះពាល់ដល់ពលរដ្ឋនៅខេត្តក្រចេះ កើនជិត៦ពាន់គ្រួសារ និងផលដំណាំជាង២ពាន់ហិកតា
S
Sreyleak Yith
14 ម៉ោងមុន

ក្រុងក្រចេះ៖ កម្ពស់ទឹកទន្លេមេគង្គ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២៦ កើនដល់កម្ពស់២១,៨៨ម៉ែត្រ ខណៈកម្រិតប្រុងប្រយ័ត្ន២២ម៉ែត្រ។ យ៉ាងណា រដ្ឋបាលខេត្តក្រចេះ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមតំបន់រងផលប៉ះពាល់ ព្រមទាំងបានរៀបចំទីទួលសុវត្ថិភាព ត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ...។ 

យោងតាមរបាយការណ៍ទទួលបានពីលោក ទីវ សុផែន មន្រ្តីសាលាខេត្តក្រចេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២សីហា ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៦ ដូចជា៖ ក្រុងក្រចេះ, ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ ស្មើ៣៣ឃុំ-សង្កាត់ និង១៤៥ភូមិ។ ក្នុងនោះ ទឹកជំនន់បានជះផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៥៩៥២គ្រួសារ ស្មើ២៣១៣០នាក់ ខណៈប្រជាពលរដ្ឋចំនួន៤៧គ្រួសារ ស្មើនឹង១៩១នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ លើសពីនេះ ជំនន់ទឹកភ្លៀង ក៏បានប៉ះពាល់ដល់លំនៅឋាន សាលារៀន វិហារសាសនា ផ្លូវ ស្ពាន ថ្នល់ ប្រព័ន្ធលូ និងវិស័យកសិកម្ម ដូចជា ស្រូវរងផលប៉ះពាល់ជាង២៦៨៤ហិកតា និងដំណាំរួមផ្សំជាង៩០៨ហិកតា។ ដោយទ្បែក សត្វពាហនៈរួមមាន៖ គោ-ក្របី ចំនួន១០៣០ក្បាល ក៏ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពផងដែរ។

គួរជ្រាបថា ក្រសួងធនធានទឹក បានព្យាករថា សម្ពាធទាបដែលកើតនៅលើសមុទ្ទចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៩ ឈ្មោះ ណារ៉ា និងព្យុះទី២០ ឈ្មោះ ហ្គាណារី បានសហការគ្នាជាមួយព្យុះទី១៨ ឈ្មោះ សូដេល មានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី ដែលបានបោកបក់មកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល និងសមុទ្ទអាន់ដាម៉ាន់។ កត្តាទាំងនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា បន្តមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ពី៣០ដល់៦០ភាគរយ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៩សីហា៕
រាយការណ៍ដោយ៖ សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត