
រដ្ឋធានីញូវដេលី៖ គ្រោះទឹកជំនន់ និងការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្នុងរដូវមូសុង បានសម្លាប់ជីវិតមនុស្សជាង១០០នាក់ នៅទូទាំងប្រទេសឥណ្ឌា ចាប់តាំងពីខែកក្កដាមក ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងដែលត្រូវទឹកលិច...។

រដ្ឋភាគខាងកើត និងភាគខាងត្បូងឥណ្ឌា រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឱ្យមនុស្សជាង១ម៉ឺននាក់ត្រូវជម្លៀសទៅកាន់ជម្រកសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ បាតុភូតរន្ទះបាញ់ក្នុងអំឡុងពេលខ្យល់កន្ត្រាក់ ក៏បានឆក់យកជីវិតកសិករដែលកំពុងធ្វើការនៅវាលស្រែអស់ជាច្រើននាក់ផងដែរ។

គ្រោះមហន្តរាយមូសុងនេះ មិនត្រឹមតែវាយប្រហារឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរីករាលដាលដល់ប្រទេសជិតខាងដូចជា ស្រីលង្កា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងបង្ខំឱ្យពលរដ្ឋជាង១២០០០នាក់ បង្ខំចិត្តចុះចោលផ្ទះសម្បែង ដោយសារទឹកជំនន់ផងដែរ។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺនៅតំបន់មួយចំនួននៃប្រទេសជិតខាង បែរជាកំពុងជួបប្រទះគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ស្របពេលជាមួយគ្នា រហូតដល់អាជ្ញាធរត្រូវដឹកជញ្ជូនទឹកស្អាតតាមរថយន្ត ដើម្បីចែកជូនប្រជាពលរដ្ឋ។

រដ្ឋាភិបាល និងអ្នកជំនាញបានបញ្ជាក់ថា អាកាសធាតុប្រែប្រួលខ្លាំងខុសធម្មតានេះ គឺជាផលប៉ះពាល់ដោយផ្ទាល់ពីបាតុភូត អែលនីណូ (El Nino) ធ្វើឱ្យសីតុណ្ហភាពទឹកសមុទ្ទកើនឡើង រំខានដល់ចរន្តខ្យល់ធម្មជាតិ និងបង្កឱ្យមានការប្រែប្រួលកម្រិតទឹកភ្លៀងយ៉ាងគំហុកនៅទូទាំងពិភពលោក៕





