
អន្តរខេត្ត៖ គិតមកទល់ពេលនេះ ខេត្តចំនួន៤នៅប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់វាយប្រហារ ដោយបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់គ្រួសារ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦...។

បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត៤ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់រួមមាន៖ ខេត្តក្រចេះ, ស្ទឹងត្រែង, ត្បូងឃ្មុំ , និងកំពង់ចាម ដែលស្មើ១៤ ក្រុង-ស្រុក ៦៨ឃុំ-សង្កាត់ ប៉ះពាល់ដល់ពលរដ្ឋសរុបប្រមាណ៥៣០៤ គ្រួសារ (ជម្លៀសប្រមាណ៥៦៨គ្រួសារ), ផ្ទះប្រមាណ២៦៨២ខ្នង និងស្រូវប្រមាណ២១៨៤ហិកតា។

ថ្លែងក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេស នៅពេលស្នាក់នៅតាមទីទួលសុវត្ថិភាព។ លោកបានស្នើឱ្យប្រជាពលរដ្ឋស្ដាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។ ចំណែក មាតាបិតា និងអាណាព្យាបាលត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗ មិនត្រូវអនុញ្ញាតឱ្យពួកគេចុះលេង ឬហែលទឹកនៅក្នុងតំបន់ដែលមានទឹកជំនន់ឡើយ ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត។

លោកក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ទឹកស្អាត និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងជំងឺដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់, វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ប្រឈម និងការធានាឱ្យមានការគាំទ្រចាំបាច់នៅតាមទីទួលសុវត្ថិភាព៕




