ក្រុមអ្នកលេង៥នាក់ ត្រូវបានតុលាការខេត្តក្រចេះឃុំខ្លួន ករណីហិ.ង្សាដោយចេតនា
S
Sreyleak Yith
03 វិច្ឆិកា 2025 11:45 AM

ក្រុងក្រចេះ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៥នាក់ជាបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តក្រចេះ…។

អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ គូសបញ្ជាក់ថា ក្មេងទំនើងទាំងនោះមានគ្នាចំនួន៦នាក់រួមមាន៖ ទី១.ឈ្មោះ ឡា តារាសុខរាជ្យ អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ ស៊ាប ចាប ស៊ុយ អាយុ១៨ឆ្នាំ, ទី៣.ឈ្មោះ វិត ដាវិត អាយុ១៧ឆ្នាំ, ទី៤.ឈ្មោះ ឈិន ណាត្រី ណាត្រី អាយុ១៧ឆ្នាំ, ទី៥.ឈ្មោះ ព្រះ ស្វិតវី អាយុ១៦ឆ្នាំ និងទី៦បានរត់គេចខ្លួន គឺឈ្មោះ បូរី រ៉ាវី អាយុ១៩ឆ្នាំ។ ចំពោះករណីហិង្សានេះ បានកើតទ្បើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទំនប់ទឹកជីវ៉ែន ស្ថិតក្នុងភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

អ្នកនាំពាក្យបន្ថែមថា ក្រុមក្មេងទំនើងនេះ មានប្រដាប់ដោយកាំបិតប៉័ងតោ មួកសុវត្ថិភាព ដុំថ្ម និងដុំដី បានស្ទាក់ចាំវាយជនរងគ្រោះជាក្មេងទំនើងមួយក្រុមទៀត ធ្លាប់មានជម្លោះជាមួយគ្នាកាលពីមុន បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូធ្លាក់ចូលទឹកប្រឡាយ ខណៈនោះថែមទាំងបានយកមួកសុវត្ថិភាពមកវាយតប់ពីលើ បន្ទាប់មកក៏បានយកកាំបិតប៉័ងតោ បន្តដេញកាប់ទៅលើក្រុមជនរងគ្រោះបន្ថែមទៀត។ អ្នកនាំពាក្យបន្ថែមថា ចំពោះជនត្រូវចោទចំនួនម្នាក់ដែលរត់គេចខ្លួន ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការ ដើម្បីនាំមកចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងទ្បើយ៕ រាយការណ៍ដោយ៖ លោក SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត