
រាជធានីភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា ភាពអសន្តិសុខ ដែលភាគច្រើនបង្កឡើងដោយក្មេងទំនើង បានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ពិសេសក្នុងរាជធានីភ្នំពេញ។ ករណីកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យរហូតបណ្តាលឱ្យមានអ្នករងរបួស ឬដល់ស្លាប់ កើតមានឡើងស្ទើរតែជាងរៀងរាល់ថ្ងៃនៅទូទាំង២៥រាជធានី-ខេត្ត ពេលនេះ អាជ្ញាធរក្របួចបានក្រុមក្មេងទំនើងទាំងនោះយកមកវាស់កម្ពស់...។

មិនចប់ត្រឹមតែភាពអសន្តិសុខបង្កដោយក្រុមក្មេងស្ទាវប៉ុណ្ណេះទេ តែករណីឃាតកម្ម អំពើលួចឆក់ប្លន់ ការចរាចរគ្រឿងញៀន ក៏បានរួមចំណែកបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខផងដែរ ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបង្ហាញក្ដីព្រួយបារម្ភចំពោះភាពអសន្តិសុខទាំងនោះ ដែលភាគច្រើនបង្កដោយក្រុមក្មេងទំនើង។ បើទោះជាវិធានរបស់អាជ្ញាធរត្រូវបានរឹតបន្តឹងយ៉ាងណាក្ដី តែចំនួនបទល្មើសនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង នៅថ្ងៃទី២៦មីនានេះ លោក ទូច សុខៈ បានឱ្យដឹងថា រយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ក្រុមក្មេងស្ទាវប្រមាណ៧២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនក្នុងចំណោម២៥ករណីផ្សេងៗគ្នា ខណៈករណីក្មេងទំនើងភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ បន្ទាប់មកមាននៅ ខេត្តកណ្ដាល ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ចំពោះរូបភាពនៃការអនុវត្តច្បាប់លើក្រុមក្មេងស្ទាវទាំងនោះ លោក ទូច សុខៈ បញ្ជាក់ថា មានពីរប្រភេទ គឺទី១.វិធានការរដ្ឋបាល ដោយគ្រាន់តែធ្វើការអប់រំណែនាំ និងឱ្យក្រុមក្មេងស្ទាវធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ពួកគេ។ អ្នកនាំពាក្យរូបនេះថ្លែងបន្តថា វិធានការទី២. គឺវិធានការច្បាប់ មានន័យថា ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់។

គួរឱ្យដឹងបន្ថែមថា មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានអះអាងថា អាជ្ញាធរនៅតាមបណ្តាខេត្តក្រុងមួយចំនួន បាននិងកំពុងបង្ក្រាបករណីក្រុមក្មេងទំនើងដែលបង្កសកម្មភាពអសន្តិសុខក្នុងប្រទេស ខណៈចំណាត់ការនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋបានបង្ហាញក្ដីព្រួយបារម្ភអំពីសកម្មភាពរបស់ក្រុមក្មេងទំនើងប្រើប្រាស់ហិង្សា និងវាយតប់គ្នាជាបន្តបន្ទាប់។ យ៉ាងណា ទោះជាមានការរឹតបន្តឹង និងការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចក្ដី ប៉ុន្តែសកម្មភាពអុកឡុករបស់ក្រុមក្មេងទំនើងទាំងនោះ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កជាការព្រួយបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ៕




