
ក្រុងក្រចេះ៖ មនុស្សចំនួន៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយត្រូវបានបញ្ជូនខ្លួនចូលរថយន្ត នាវេលាម៉ោង១២:៣០នាទី ថ្ងៃទី២១សីហា ឆ្នាំ២០២៥នេះ...។

ប្រតិបត្តិការបង្រ្កាបខាងលើ ត្រូវបានធ្វើឡើងដោយមនុស្សមួយក្រុមដែលត្រូវបានគេស្គាល់ថា ជាកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្នុងនោះ ក៏មានវត្តមានលោក ឈុន ឡេង ជាកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះផងដែរ។ យ៉ាងណាក៏ដោយ យោងតាមប្រភពព័ត៌មានដែល SBM News ទទួលបាន ក្រោយប្រតិបត្តិការបង្រ្កាបមិនបានប៉ុន្មានម៉ោងផង មនុស្សទាំង៤នាក់ ក៏ត្រូវបានដោះលែងត្រឡប់មកវិញ ខណៈមនុស្សម្នាក់ក្នុងចំណោមអ្នកទាំង៤ បានបញ្ជាក់ថា ខ្លួនចំណាយលុយអស់១លានរៀល ទើបអាចរួចខ្លួនមកវិញបាន។

ទោះជាបែបនេះក្ដី លោក ប៊ុន សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបដិសេធ ដោយអះអាងថា មិនមានការចុះបង្ក្រាបទីតាំងជល់មាន់នោះទេ។ បើកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ មិនបានចុះបង្រ្កាប តើកម្លាំងមួយក្រុមដែលចុះបង្រ្កាបទីតាំងជល់មាន់ខាងលើ គឺជានរណា? ជុំវិញបញ្ហានេះ ភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News មិនទាន់អាចសុំការឆ្លើយតបពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះបាននៅឡើយទេ។ ប៉ុន្តែជុំវិញករណីខាងលើ SBM News នឹងបន្តតាមដានអង្កេតព័ត៌មាននេះបន្តទៀតនៅពេលក្រោយ៕







