
រដ្ឋធានីកៀវ៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងជាប់ដៃធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ដែលមានអានុភាពដ៏ខ្លាំងក្លានៅលើពិភពលោកនោះ អ៊ុយក្រែន មិនបានប្រើប្រាស់កងទ័ព សម្រាប់ធ្វើព្យុហយាត្រាតាមប្រពៃណី ដោយមានក្បួនកងទ័ព ឬរថក្រោះ និងរថពាសដែក ដូចកាលពីមុននោះឡើយ តែនៅក្នុងខួបឯករាជ្យជាតិលើកទី៣៥ កាលពីថ្ងៃទី២៤ ខែសីហានោះ ប្រទេសអឺរ៉ុបខាងកើតមួយនេះ បែរជាយកមនុស្សយន្ដ ឬរ៉ូបូត និងដ្រូនហោះពេញមេឃ មកជំនួសវិញ។

សារព័ត៌មាន ABC បានផ្សាយ នៅថ្ងៃទី២៥ ខែសីហា ថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ៊ុយក្រែន បាននិងកំពុងតែកសាងឧស្សាហកម្មការពារជាតិទំនើប និងប្រកបដោយបច្ចេកវិទ្យាថ្មីៗស្ទើរតែទាំងស្រុង។ ឧស្សាហកម្មមួយដែលត្រូវប្រកួតប្រជែង នៅក្នុងសង្គ្រាមនៅប្រទេសអឺរ៉ុបខាងកើតមួយនេះ គឺរ៉ូបូត ឬមនុស្សយន្ដ និងដ្រូន។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ដ្រូនរត់នៅលើដី (UGV) មួយចំនួន បានបំពាក់ជាមួយកាំភ្លើងយន្ដធុនធ្ងន់ ហើយមានសមត្ថភាពអាចឈ្លបយកការណ៍ ប្រតិបត្ដិការវាយប្រហារ បោសសម្អាតមីន ដឹកជញ្ជូនគ្រាប់រំសេវ ឧបករណ៍ផ្សេងៗ និងដឹកជញ្ជូនអ្នករងរបួស នៅលើសមរភូមិ។ ដោយឡែក ការបង្ហាញដង្ហែក្បួនព្យុហយាត្ររ៉ូបូត និងដ្រូនបែបនេះ បានផ្តល់នូវទស្សនៈមួយអំពីទម្រង់សង្គ្រាមនាពេលអនាគត និងបង្ហាញថា ការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ បានធ្វើឱ្យកងទ័ពអ៊ុយក្រែន មានការអភិវឌ្ឍដ៏ខ្លាំងក្លា លើវិស័យឧស្សាហកម្មការពារជាតិរបស់ខ្លួន។

ស្របគ្នានេះដែរ អ៊ុយក្រែន ក៏បានបង្ហាញដ្រូនរត់លើទឹក នៅទន្លេឌីនីប្រូ (Dnipro) ហើយដ្រូនប្រភេទនេះ បានជួយឱ្យកងទ័ពរបស់ខ្លួន មានសមត្ថភាពទប់ទល់នឹងកងនាវារបស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ ដែលធ្លាប់តែមានឥទ្ធិពលដ៏ខ្លាំងក្លាបំផុត រហូតធ្វើឱ្យពួកគេ មានការភ័យខ្លាច និងដកថយចេញពីតំបន់មួយចំនួន។ បច្ចុប្បន្ន អ៊ុយក្រែន បានផលិតបុត្រសម្ព័ន្ធនាវាគ្មានមនុស្សបើក ឬដ្រូនរត់នៅលើទឹកជាច្រើនប្រភេទ រួមមាន៖ ដ្រូន Magura និង Sea Baby ។ ដ្រូនទាំងនេះ បាននិងកំពុងតែប្រើប្រាស់ វាយប្រហារជាញឹកញាប់ ប្រឆាំងនឹងនាវាចម្បាំង ហេដ្ឋារចនាសម្ព័ន្ធយោធា និងគោលដៅនានារបស់រុស្ស៊ី។

ក្នុងពេលដំណាលគ្នានេះ អ៊ុយក្រែន ក៏បានបង្ហាញដ្រូនហោះពេញដែនអាកាសរបស់ក្រុងកៀវ ហើយវាបានក្លាយជាឧបករណ៍ដ៏សំខាន់បំផុត មិនអាចខ្វះបាន នៅលើសមរភូមិប្រយុទ្ធរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ដ្រូនទាំងនេះ រួមមាន ដ្រូនឈ្លបយកការណ៍ និងវាយប្រហារ ព្រមទាំងដ្រូនស្ទាក់ចាប់ដែលត្រូវបានបង្កើតឡើង ដើម្បីបាញ់ទម្លាក់យានគ្មានមនុស្សបើករបស់រុស្ស៊ី ដែលតែងតែវាយប្រហារទាំងយប់ទាំងថ្ងៃ ទៅលើទីក្រុងនានារបស់អ៊ុយក្រែន។

ក្បួនព្យុហយាត្រាទាំងនេះ បានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរវិស័យយោធា ដែលបានកើតឡើងក្នុងល្បឿន និងកម្រិតដ៏គួរឱ្យកត់សម្គាល់ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានពេញទំហឹង កាលពីខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ បច្ចុប្បន្ន អ៊ុយក្រែន កំពុងតែការពារខ្លួន ប្រឆាំងនឹងប្រទេសមួយដែលមានទំហំធំជាងខ្លួនរាប់សិបដង ព្រមទាំងមានធនធានទាហាន និងអាវុធយុទ្ធភណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រព័ន្ធដ្រូន បានជួយឱ្យក្រុងកៀវ វាយប្រហារលើកងកម្លាំងរុស្ស៊ី ហើយអាចជួយកាត់បន្ថយហានិភ័យដល់ទាហានអ៊ុយក្រែន ជាពិសេស កងទ័ពថ្មើរជើង និងពង្រីកវិសាលភាពនៃការប្រើប្រាស់អាវុធដែលមានតម្លៃសមរម្យ និងជួយបំពេញបន្ថែម លើការខ្វះខាតធនធានផ្សេងៗទៀត ចាប់ពីគ្រាប់រំសេវ កាំភ្លើងធំ រហូតដល់កម្លាំងទ័ពជើងទឹក។ ក្បួនព្យុហយាត្រាកាលពីថ្ងៃទី២៤ ខែសីហា បាននាំមកនូវទិដ្ឋភាពផ្សេងៗ នៅក្នុងសង្គ្រាមនេះ បង្ហាញនៅកណ្តាលទីក្រុងកៀវ មិនបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាយោធាបែបប្រពៃណី ចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានទ្រង់ទ្រាយធំ នៅដើមឆ្នាំ២០២២រហូតមក។

អស់រយៈពេលជាង៤ឆ្នាំកន្លងមកនេះ ប្រព័ន្ធដ្រូនក្លាយជាឧបករណ៍ដ៏សំខាន់បំផុតមួយ សម្រាប់ប្រតិបត្តិការយោធា ទាំងផ្លូវគោក សមុទ្រ និងអាកាស នៅក្នុងការបំពេញភារកិច្ច ខណៈកាលពីមុន ធ្លាប់ពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទាហាន យន្តហោះ នាវា និងរថពាសដែក។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កាលពីឆ្នាំ២០២៤ បានចុះហត្ថលេខាលើច្បាប់ បង្កើត«កងកម្លាំងប្រព័ន្ធដ្រូន» ដែលជាផ្នែកមួយដាច់ដោយឡែករបស់កងទ័ព ដោយផ្តោតតែទៅលើការធ្វើសង្គ្រាម ដោយប្រើប្រាស់ដ្រូន។ ការសម្រេចចិត្តបែបនេះ ធ្វើឱ្យអ៊ុយក្រែន ក្លាយជាប្រទេសដំបូងគេ បង្កើតកងកម្លាំងឯករាជ្យមួយ រៀបចំឡើង ដោយផ្អែកលើប្រព័ន្ធដ្រូន។ ការបង្កើតថ្មីបែបនេះ ឆ្លុះបញ្ចាំងទាំងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងតម្រូវការចាំបាច់ នៅក្នុងសង្គ្រាមដ៏តានតឹងបំផុត៕



