
រាជធានីភ្នំពេញ៖ លោក ថូ សំណាង អតីតមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបក្ខពួក២នាក់ទៀត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់តាមមាត្រាច្បាប់ ដែលចែងពីការដាក់ទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ…។

លោក ថូ សំណាង លោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ជាបក្ខពួកតែមួយ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនក្រោយជាប់សង្ស័យថាបានលួចយកទិដ្ឋាការពិសេសប្រភេទ C និងប្រភេទ CEX (ស៊ីអ៊ីអ៊ិច) ដល់ទៅជាង៦ពាន់ពាន់សន្លឹក ឱ្យជនបរទេសជាក្រុមប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ ក្រោយសួរចម្លើយរួចរាល់ អង្គភាព ACU បានបញ្ជូនខ្លួនពួកគេទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធីច្បាប់។ រហូតដល់រសៀលថ្ងៃទី២៤ ខែសីហា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួន៣បទល្មើសចំពោះលោក ថូ សំណាង រួមមាន បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, បទរំលោភអំណាច, និងបទសម្អាតប្រាក់។ ដោយឡែក បក្ខពួក២នាក់ទៀត គឺ លោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងបទល្មើសនេះ។ តាមច្បាប់ អ្នកប្រព្រឹត្ត និងអ្នកសមគំនិត មានទោសស្មើគ្នា។

បទល្មើសបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ ត្រូវបានចែងដាច់ដោយឡែកពីគ្នានៅក្នុងក្រមព្រហ្មទណ្ឌ, ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ, ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បើតាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ បទល្មើសបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ដល់១០ឆ្នាំ។ មាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងថា បទរំលោភអំណាច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ។ រីឯ បទសម្អាតប្រាក់ ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ក៏កំណត់ដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ដែរ។ គោលការណ៍ច្បាប់នៅកម្ពុជា មិនយកទោសទាំងអស់ បូកបញ្ចូលគ្នាឡើយ គឺត្រូវជ្រើសរើសយកទោសណាមួយខ្ពស់ជាងគេ យកទៅអនុវត្តលើជនល្មើស (ដែលហៅថា ជាការស្រូបទោស)។ ក្នុងករណីនេះ ទោសដែលខ្ពស់ជាងគេ ទោសពី៥ឆ្នាំ ទៅ១០ឆ្នាំ ដូច្នេះ បើតុលាការសម្រេចសេចក្តីទៅតាមមាត្រា ឬច្បាប់នេះ ជនល្មើសទាំង៣ខាងលើ ប្រឈមនឹងជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ ទោះយ៉ាងណា ការសម្រេចសេចក្តីចុងក្រោយ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយគ្មានអ្នកណាអាចសន្មតមុនបានឡើយ៕




