
រាជធានីបាងកក៖ កំណើននៃអំពើហិង្សាដ៏សាហាវជាបន្តបន្ទាប់ នៅខេត្តភាគខាងត្បូង នៃប្រទេសថៃ បានបន្តផ្តាច់ជីវិតមនុស្សយ៉ាងសន្ធឹកសន្ធាប់ ដោយគិតចាប់ពីឆ្នាំ២០០៤ ដល់ចុងឆ្នាំ២០២៥ មនុស្សរហូតដល់៧៧៩០នាក់បានស្លាប់ និង១៤៧៩៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ហិង្សាវាយប្រហារសរុបជាង២៣៥០០លើក។ ជាមួយគ្នា ថវិកា១០ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិនៅខេត្តភាគខាងត្បូងក្នុងរយៈពេល២៣ឆ្នាំនេះ ត្រូវរលាយដូចអំបិលត្រូវទឹក ពោលគឺគ្មានផ្លែផ្កាទាល់តែសោះ។ នេះតាមការចុះផ្សាយ ដោយកាសែត The Nation នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

តួលេខនៃអ្នកស្លាប់ជិត ៨ពាន់នាក់នេះ គឺជាទឡ្ហីករណ៍ដែលបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្ត្រយោធារបស់រាជរដ្ឋាភិបាលថៃ និងការចាក់បញ្ចូលថវិកាជាតិ អស់១០ពាន់លានដុល្លារ ក្នុងរយៈពេល២៣ឆ្នាំ គឺជាការបរាជ័យទាំងស្រុង ក្នុងការបញ្ឈប់ការបង្ហូរឈាមនៅតំបន់មរណៈនៃខេត្តភាគខាងត្បូងមួយនេះ។ ភាពបរាជ័យដ៏ធ្ងន់ធ្ងរនេះត្រូវបានគូសបញ្ជាក់កាន់តែច្បាស់តាមរយៈរលកនៃការវាយប្រហារយ៉ាងព្រៃផ្សៃដូចភ្លៀងរលឹមចំនួន ៣៤ទីតាំង ក្នុងពេលដំណាលគ្នានៅទូទាំងខេត្តយ៉ាឡា ខេត្តនរាធិវាស និងខេត្តប៉ាត់តានី កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ការវាយប្រហារទាំងនោះ រួមមាន៖ ការដុតបំផ្លាញ២២ករណី ការផ្ទុះគ្រាប់បែក៦ករណី ការបាញ់ប្រហារ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលជាភស្តុតាងស្តែងៗ បង្ហាញថា កម្លាំងប្រដាប់អាវុធជនជាតិភាគតិចអ៊ិស្លាមនិយម នៅតែបន្តបើកការវាយប្រហារដោយមិនខ្លាចញញើត ចំពោះវត្តមានកងទ័ព និងកងកម្លាំងសន្តិសុខឡើយ។

សូមជម្រាបថា ការវាយប្រហារនៅខេត្តភាគខាងត្បូង មិនត្រឹមតែបង្កអសន្តិសុខក្នុងប្រទេសថៃទេ ប៉ុន្តែសូម្បីតែប្រជាពលរដ្ឋម៉ាឡេស៊ី ដែលរស់នៅជិតព្រំដែនថៃ ក៏ភ័យតក់ស្លុតយ៉ាងខ្លាំងផងដែរ ជាពិសេស បន្ទាប់ពីពួកគេបានឮសំឡេងផ្ទុះខ្លាំងៗ និងមានភ្លើងឆាបឆេះយ៉ាងសន្ធោសសន្ធៅ ចេញពីទឹកដីខាងថៃ ក្រោយមានការវាយប្រហារផ្ទួនៗគ្នាយ៉ាងសាហាវជាច្រើនទីតាំង។ ជុំវិញបញ្ហានេះ អាជ្ញារធរម៉ាឡេស៊ីបានអំពាវនាវឱ្យពលរដ្ឋខ្លួន បង្កើនការប្រុងប្រយ័ត្ន និងពន្យារពេលធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងថៃ ប្រសិនបើគ្មានការចាំបាច់៕





