ប្រតិបត្តិការទ្រង់ទ្រាយធំ! សមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៣០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងបង្កអសន្តិសុខ
S
Sreyleak Yith
11 នាទីមុន

 ខេត្តបន្ទាយមានជ័យ៖ ក្រោយបើកប្រតិបត្តិការទ្រង់ទ្រាយធំ លើករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន និងការបង្កអសន្តិសុខរូចមក អាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់...។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែត បានឱ្យដឹងថា បើតាមការស្ដាប់ចម្លើយរបស់ក្មេងទំនើងទាំងអស់នោះ សារភាព ថា កាលពីកន្លងទៅ ពួកគេបានលួច ឆក់ និងប្រើប្រាស់គ្រឿងញឿន ហើយថែមបង្កអសន្តិសុខក្នុងក្រុងប៉ោយប៉ែតជាប្រចាំ។ ក្រោយស្ដាប់ចម្លើយ ព្រមទាំងមានវត្ថុតាងជាក់ស្ដែង ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត​ កាលពី​ព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។

ចំពោះប្រតិបត្តិការទ្រង់ទ្រាយធំនេះ បានធ្វើទ្បើង ដោយអនុវត្តនូវបទបញ្ជាយ៉ាងខ្ជាប់ខ្ជូនរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក៏ដូចជា អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ ឱ្​មានសុវត្ថិភាព។ សូមជ្រាប ថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក៏បានបញ្ជូនជនសង្ស័យ ចំនួន១០នាក់ ទៅកាន់សាលាដំបូង ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត៕ រាយការណ៍ដោយ៖ លោក ឈុនមករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត