សមត្ថកិច្ចខេត្តកណ្តាលចុះបង្ក្រាបក្លឹបកម្សាន្ត «ហ្កាឡាក់ស៊ី១៤២» ឃាត់ខ្លួនមនុស្សជិត៣០នាក់​​និងរឹបអូសបានគ្រឿងញៀនមួយចំនួន
យិត​​ ស្រីល័ក្ខ
07 មីនា 2024 04:00 PM

ខេត្តកណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាលបានចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ក្លឹបកម្សាន្ត «ហ្កាឡាក់ស៊ី១៤២» ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ឃាត់ខ្លួនបានជនជាតិ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងខែ្មរសរុបចំនួន២៨នាក់ ព្រមទាំងដកហូតគ្រឿងញៀនបានចំនួន១៥១,៦២ក្រាម។​​​​ នេះយោងតាមការឱ្យដឹងពីមន្ទីរប្រឆាំងគ្រឿងញៀននៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

មន្ទីរប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា​ កាលពីម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាប​ករណីជួញដូរ ​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​ នៅចំណុចក្លឹបកម្សាន្ត «ហ្កាឡាក់ស៊ី១៤២»។​​ ក្នុងប្រតិបត្តិការនេះដែរឃាត់ខ្លួនបានមនុស្សចំនួន២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើសជួញដូរសម្រួលចំនួន៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការរួមមាន៖ ទី១ឈ្មោះ ងន សឹង ភេទប្រុស ជនជាតិខ្មែរ (មេខ្លោង ម្ចាស់ទីតាំង) ទី២ឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ (សម្រួល) ទី៣ឈ្មោះ ពេជ្រ ប៉ូស្រ៊ូ ភេទប្រុស ជនជាតិខ្មែរ (សម្រួល) ទី៤ឈ្មោះ ម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និងទី៥ឈ្មោះ ហេង សុខដា ភេទស្រី ជនជាតិខ្មែរ (មេការ)។

ប្រភពដដែលបានឱ្យដឹងបន្តថា​​ ចំពោះអ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនរួមមាន៖​ ជនជាតិខ្មែរ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលស្តានីតិសម្បទា។​​ ដោយទ្បែកជនបរទេសចំនួន១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់(ប្រុស) ឥណ្ឌូណេស៊ី១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។ ចំពោះវត្ថុតាងដែលមន្ត្រីជំនាញដកហូតបានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩,៧២ក្រាម អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣,៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨,៥២ក្រាម

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត