បុរសជនជាតិវៀតណាម និងស្ត្រីជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តព្រះសីហនុ
អាន ប៊ុនរ័ត្ននៈ
17 ធ្នូ 2023 01:30 PM

ក្រុងព្រះសីហនុ៖ បន្ទាប់ពីទទួលបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានដាក់គោលដៅចុះត្រួតពិនិត្យ ស្វែងរកបទល្មើសនៅចំណុចផ្លូវលេខ៤០០ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២ៈ០០នាទី យប់ឈានចូលថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាម និងស្ត្រីជនជាតិចិនម្នាក់ យកទៅកាន់អធិការនគរបាលក្រុង ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ក្រោយអាជ្ញាធររកឃើញថ្នាំញៀននៅជាប់នឹងខ្លួនពួកគេ...។

យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យរថយន្តចំនួន២៤២គ្រឿង ម៉ូតូចំនួន០៨គ្រឿង ម៉ូតូកង់បី(Pasap)ចំនួន០៧គ្រឿង ជាលទ្ធផល អាជ្ញាធរបានឃាត់ខ្លួន និងដកហូតសម្ភារវត្ថុតាង រួមមាន៖ មនុស្ស២នាក់ជាស្ត្រីជនជាតិចិនម្នាក់ និងបុរសជនជាតិវៀតណាមម្នាក់។ ជនសង្ស័យទី១-ជាជនជាតិវៀតណាម អាជ្ញាធររកឃើញម្សៅក្រាម-សថ្លា សង្ស័យcAសារធាតុញៀន០១កញ្ចប់, អាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AW-១៤៧៩មួយគ្រឿង, ទូរសព្ទដៃ១គ្រឿង។ ជនសង្ស័យទី២-ជាស្ត្រីជនជាតិចិន ត្រូវបានអាជ្ញាធររកឃើញម្សៅក្រាម-សថ្លា សង្ស័យសារធាតុញៀន០១កញ្ចប់ធំ, ម្សៅក្រាមម៉ាក Ferrari០៥កញ្ចប់, ម្សៅកញ្ចប់ខ្មៅ០១កញ្ចប់, អាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្តម៉ាក Prius ពណ៌ស ស្លាកលេខភ្នំពេញ ២BH-៥៦៩២,ទូរសព្ទដៃ២គ្រឿង។ បច្ចុប្បន្ន មនុស្ស និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តអនុវត្តច្បាប់តាមនីតិវិធី និងតាមដានរកអ្នកពាក់ព័ន្ធជាបន្តទៀត...៕ រាយការណ៍ដោយ៖ ភ្នាក់ងារក្រុងព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត